(ស៊ីដនី, អូស្ត្រាលី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅវេលាម៉ោងប្រមាណ ៥៖៣០នាទីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសអូស្ត្រាលី) ត្រូវនឹងប្រមាណ ១៖៣០នាទីរសៀលថ្ងៃនេះ (ម៉ោងនៅកម្ពុជា) កំពុងដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ប្រកបដោយជោគជ័យ និងផ្លែផ្កាខ្ពស់។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើទំព័រ Facebook របស់សម្តេចថា សម្តេចមានភាពសប្បាយរីករាយ និងមោទនភាព ដែលកិច្ចប្រជុំនេះ បានបញ្ចប់ទៅប្រកបដោយលទ្ធផលជាវិជ្ជមាន។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមានមោទនភាព និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះលទ្ធផលវិជ្ជមានជាច្រើនអំពីកិច្ចប្រជុំកំពូលពិសេស ជាពិសេសទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាអាស៊ាននិងអូស្រ្តាលីត្រូវបានពង្រឹងលើវិស័យជាច្រើនរួមទាំង វិនិយោគ ពាណិជ្ជកម្ម ការទប់ស្កាត់អំពើភេរវកម្ម ការជួញដូរមនុស្ស និងគ្រឿងញៀន និងការរួមគ្នាថែរក្សាសន្តិភាពនៅក្នុងតំបន់និងពិភពលោក»។
ក្រៅពីភាពជោគជ័យលើកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី សម្តេចនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវភាពសប្បាយរីករាយលទ្ធផលជាវិជ្ជមាននៃជំនួបទ្វេភាគីរវាងសម្តេចជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាលខម ធើនប៊ុល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ជាមួយគ្នានេះដែរ គឺរដ្ឋាភិបាលអូស្រា្តលីកាន់តែមានទំនាក់ទំនងល្អជិតស្និទ្ធជាមួយកម្ពុជាដែលប្រទេសយើងទាំងពីរបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍនៅក្នុងប្រទេស ក្នុងនោះរួមទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ជាង ៨៧លានដុល្លារអូស្ត្រាលីដល់កម្ពុជាទៀតផង។ លទ្ធផលជោគជ័យទាំងនេះ គឺបានមកពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ដំណើរទៅកាន់ប្រទេសអូស្ត្រាលីនាពេលនេះ ទទួលបាននូវជោគជ័យដ៏ធំធេងមួយទៀត គឺប្រជាពលរដ្ឋខ្មែរកំពុងរស់នៅក្នុងប្រទេស New Zealand និង Australia បានយល់ដឹងកាន់តែច្បាស់អំពីការរីកចម្រើន និងទិសដៅអភិវឌ្ឍន៍នៃប្រទេសជាតិដែលកំពុងឈានឆ្ពោះទៅរកវឌ្ឍនភាពផ្តោតលើផលប្រយោជន៍ជាតិទាំងមូល មិនដូចការលាបពណ៌មួលបង្កាច់ដោយជនខិលខូចអគតិមួយចំនួនតូចនោះឡើយ។
«ពេលនេះទាំងពលរដ្ឋខ្មែររស់នៅក្នុង និងក្រៅប្រទេសកាន់តែមានអារម្មណ៍កក់ក្តៅជិតស្និទ្ធរួបរួមគ្នាជាធ្លុងមួយ ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍអោយស្ថិតស្ថេរគង់វង្សយូរអង្វែង។ ដូចខ្ញុំបានបញ្ជាក់រួចហើយ គឺខ្ញុំគោរពស្រឡាញ់បងប្អូនទាំងអស់គ្នា ទោះបីមាននិន្នាការនយោបាយបែបណាក៏ដោយ ព្រោះយើងសុទ្ឋតែមានឈាមជ័រខ្មែរដូចគ្នា»។ សម្តេចប្រមុខរាជរដ្ឋាភិបាលបញ្ជាក់បន្ថែម។
តាមការគ្រោងទុកយន្តហោះពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូនឹងត្រឡប់មកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ៕