(ត្បូងឃ្មុំ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ និងបុរេលក្ខណ នៃការអភិវឌ្ឍ ដោយមិនត្រូវជឿតាមការញុះញង់ របស់ពួកអគតិ និងជនជ្រុលនិយមទាំងឡាយ។
ការអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចពញាចក្រី អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធឧប្បដ្ឋានសាលា និងសាលាពុទ្ធិកបឋមសិក្សា កម្រង សម្តេច ហេង សំរិន ពញាក្រែក រួមនឹងសមិទ្ធផលនានា នៅក្នុងវត្តមង្គលនិវេសន៍ ហៅវត្តកណ្តោលជ្រុំ ស្ថិតនៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែមីនានេះ។
សម្តេចពញាចក្រី បានបន្ថែមទៀតថា ពួកអគតិ និងជនជ្រុលនិយមទាំងនោះ ចូលចិត្តញុះញង់បំភ័នបំភ្លៃការពិត និងតែងតែរារាំង ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា និងត្រូវចូលរួមថែរក្សា សមិទ្ធផលទាំងអស់នេះ ឲ្យបានល្អប្រសើរ និងស្ថិតស្ថេរ គង់វង្សយូរអង្វែង។
ក្នុងឱកាសនេះ សម្តេច ក៏បានថ្លែងអំណរគុណចំពោះ អ៊ំ ពូ មីង បងប្អូន ក្មួយៗទាំងអស់ ដែលបានជឿទុកចិត្ត និងបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក និងសូមបន្តគាំទ្រ និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ២០១៨ ខាងមុខនេះ។
ទន្ទឹមនឹងនេះដែរ សម្តេច បានថ្លែងអំណរគុណ ចំពោះបង ប្អូន សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ គ្រប់រូប ដែលបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតំាង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីខែកុម្ភៈ កន្លងមក ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕