(ភ្នំពេញ)៖ ការបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមទីសាធារណៈ និងទីឯកជនសំខាន់ៗនានា ត្រូវបានអ្នកជំនាញអះអាងថា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារអសន្តិសុខ និងឈានដល់ការចាប់ខ្លួនជនល្មើសថែមទៀតផង។ កាមេរ៉ាសុវត្ថិភាពដែលមានគុណភាពល្អ បានជួយដល់សមត្ថកិច្ច ក្នុងការកំណត់អត្តសញ្ញាជនល្មើសបានត្រឹមត្រូវ និងចំណេញពេលវេលា សម្រាប់ការងារស៊ើបអង្កេត។

លោក ម៉ម ដារ៉េត នាយកប្រតិបត្តិក្រុមហ៊ុន Vantech ដែលចាប់ផ្តើមផ្គត់ផ្គង់កាមេរ៉ាសុវត្ថិភាព នៅក្នុងប្រទេសកម្ពុជា និងកំពុងសម្លឹងរកដៃគូចែកចាយបន្ត បានលើកអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ផលិតផលកាមេរ៉ារបស់លោក។ លោកបានអះអាងប្រាប់អ្នកសារព័ត៌មានក្នុងពេលសម្ពោធក្រុមហ៊ុនរបស់លោក កាលពីម្សិលមិញថា កាមេរ៉ាសុវត្ថិភាព បានចូលរួមការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ដូចជា ទី១៖ គឺឱ្យអ្នកមានគំនិតមិនល្អ ប្រុងធ្វើសកម្មភាពនៅកន្លែងរបស់យើងមានការខ្លាចរអារ, ទី២៖ ងាយស្រួលក្នុងការកំណត់អត្តសញ្ញាណជនល្មើសបើសិនជាមានករណីមិនប្រក្រតីអ្វីមួយកើតឡើង និងទី៣៖ ជួយត្រួតពិនិត្យមើលសកម្មភាពនានាសម្រាប់អ្នកគ្រប់គ្រង រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។

កន្លងទៅ កាមេរ៉ាសុវត្ថិភាព បានធ្វើឱ្យសមត្ថកិច្ច ប្រើប្រាស់ដើម្បីជាឯកសារ ភស្តុតាង នៅពេលដែលមានបទល្មើសណាមួយកើតឡើងនៅមូលដ្ឋានរបស់ពួកគាត់។ សម្រាប់ការគ្រប់គ្រងរាជធានីភ្នំពេញ កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់នៅទីសំខាន់ៗមួយចំនួន តាមចំណុចភ្លើងស្តុប ក្នុងរាជធានីភ្នំពេញ ដើម្បីតាមដានបទល្មើសនានា។

ក្រសួងមហាផ្ទៃ កន្លងទៅ ក៏បាន​ប្រកាស​បង្កើត​មណ្ឌល​ប្រចាំ​បញ្ជា​មួយ ដែល​មាន​ទីស្នាក់ការ​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​មើល​បញ្ហា​ចរាចរណ៍ អគ្គិភ័យ និង​សន្តិសុខ​សណ្តាប់ធ្នាប់​២៤​ម៉ោង​ផង​ដែរ តាម​រយៈ​ការ​បំពាក់​កាមេរ៉ា​ជាង​១​ពាន់​កន្លែង​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​របស់​ប្រជាពលរដ្ឋ ។

លោក ម៉ម ដារ៉េត បានលើកឡើងទៀតថា ការបំពាក់កាមេរ៉ាសុវត្ថិភាព គឺមិនត្រឹមតែចូលរួមចំណែកការពារដល់សន្តិសុខទេ គឺវាក៏បានឆ្លើយតបចំពោះការរីកចម្រើនសេដ្ឋកិច្ចផងដែរ។ លោកបានអះអាងទៀតថា បច្ចុប្បន្នពលរដ្ឋខ្មែរមានការយល់ដឹង អំពីសារប្រយោជន៍នៃកាមេរ៉ាសុវត្ថិភាពច្រើន ហើយទីតាំងអាជីវកម្ម ស្នាក់ការរដ្ឋ ឯកជនមួយចំនួន ក៏បានបំពាក់កាមេរ៉ាសុវត្ថិភាពនេះដែរ។

តាមការប៉ាន់ប្រមាណរបស់អ្នកជំនាញ បានអះអាងថា កំណើនការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពជាមធ្យមប្រចាំឆ្នាំ គឺក្នុងអត្រាខ្ពស់ជាង២០% ក្នុង១ឆ្នាំៗ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី មិនទាន់មានរបាយការណ៍ផ្លូវការណាមួយអះអាងអំពីអត្រាកើនឡើង នៃការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពនេះនៅឡើយទេ។

ក្រុមហ៊ុន Safe Home Technology ដែលជាក្រុមហ៊ុនបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមគេហដ្ឋាន បានអះអាងថា ការបំពាក់កាមេរ៉ាតាមគេហដ្ឋាន និងតាមទីឯកជននានា នៅកម្ពុជា ក៏មានការកើនឡើងខ្លាំង ដោយសារតែអតិថិជន មានការយល់ដឹងខ្ពស់អំពីប្រសិទ្ធភាព និងអត្ថប្រយោជន៍ នៃការប្រើប្រាស់កាមេរ៉ានេះ។

ដោយមើលឃើញអំពីភាពចាំបាច់ទាំងអស់នេះ អ្នកជំនាញបានជំរុញឱ្យអាជីវករ ថៅកែក្រុមហ៊ុន និងប្រជាពលរដ្ឋនានា គួរបំពាក់កាមេរ៉ាសុវត្ថិភាពនៅកន្លែងដែលសំខាន់ៗ និងចូលរួមគាំទ្រដល់ការប្រើប្រាស់កាមេរ៉ាសុវត្ថិភាព ឱ្យបានកាន់តែច្រើនឡើងថែមទៀត៕