(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុង ពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសប្បុរសជន ប៉ាយសួយឡាវយិនតៃវ៉ាន់ ដែលពិនិត្យ និងព្យាបាលជម្ងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ មានរយៈពេល៥ថ្ងៃ ស្មើនឹង៥ក្រុង-ស្រុក នៃខេត្តស្វាយរៀង ដែលពិធីនេះបានរៀបចំនៅសាលាបឋមសិក្សា ម៉ឹង សំផន ឃុំកកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ដស្វាយរៀង។
លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសប្បុរសជន ច៉ាយសួយឡាវយិនតៃវ៉ាន់ ដែលបានសហការជាមួយអង្គការពន្លឺអភិវឌ្ឍន៍ ដើម្បីជនក្រីក្រ ដែលជាអ្នកផ្តួចផ្តើម ដែលបានធ្វើសកម្មភាពមនុស្សធម៌ ក្រោមកិច្ចសហការសម្របសម្រួលពីអាជ្ញាធរខេត្តស្វាយរៀង ក្នុងការចុះមកពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនាពេលនេះ។
លោកស្រីបានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យប្រទេសមានសុខុដុមនីយកម្មគ្រប់បែបយ៉ាង មានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋគ្រប់ៗរូប អាចប្រកបរបរទទួលទានរៀងៗខ្លួនតាមត្រូវការ។ សកម្មភាពមនុស្សធម៌នាថ្ងៃនេះ ពិតជាបានចូលរួមសម្រាលនូវបន្ទុកចំណាយ របស់ប្រជាពលរដ្ឋបានមួយចំនួនផងដែរ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕