(ក្រចេះ)៖ លោក ងឺ តាយី រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់លិខិតជូនអភិបាលខេត្តក្រចេះ ដើម្បីបញ្ចប់កិច្ចសន្យាស្ដីពី ការដាក់ទុនវិនិយោគសាងសង់ ជួសជុល និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្ដទីរួមខេត្តក្រចេះ និងទីរួមស្រុកស្នូល ដោយសំអាងហេតុផលថា ម្ចាស់បេនរថយន្ដមិនបានអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួង និងអាជ្ញាធរខេត្ត។
ចំពោះវិធានការណ៍បញ្ចប់អាជីវកម្មម្ចាស់បេនរថយន្ដ ដែលដំណើរការអស់រយៈពេលជាង១០ឆ្នាំ មិនដែលមានបញ្ហាអ្វីនោះ ម្ចាស់ចំណតរថយន្តសូមទទូច និងសុំកិច្ចអន្ដរាគមន៍ដល់ទេសរដ្ឋមន្ដ្រី អូន ព័ន្ធ មុន្នីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច អនុញ្ញាតឲ្យខ្លួន បន្ដអាជីវកម្មតាមកិច្ចសន្យាជាមួយរដ្ឋ រហូតដល់ឆ្នាំ២០១៩ ពោលនៅសល់០១ឆ្នាំ១០ខែទៀត។
ម្ចាស់ចំណតរថយន្ដអ្នកស្រី ឃឹម នាង បានចាត់ទុកថា ចំពោះអាជីវកម្មរបស់ខ្លួនដែលមានរយៈពេលជាង១០ឆ្នាំមកនេះ ពុំមានសេចក្ដីសម្រេចណាមួយ ពីរដ្ឋមន្ដ្រីសេដ្ឋកិច្ចនោះឡើយ ហើយលោករដ្ឋមន្ដ្រី តាមរយៈក្រុមអធិការកិច្ច ដែលចុះមកស្រាវជ្រាវ ក៏មិនបានសេចក្ដីសម្រេចឲ្យបញ្ចប់អាជីវកម្មនោះទេ ពោលគ្រាន់តែឲ្យម្ចាស់ចំណតបង់ផាកពិន័យជូនរដ្ឋជាង៩លានរៀលប៉ុណ្ណោះ។
កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ លោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន បានចេញលិខិតបញ្ជាបេសកកម្មឲ្យមន្ដ្រី០៦រូប ដឹកនាំដោយលោក គង់ វឌ្ឍនៈ អគារធិការរងជាប្រធាន ចុះទៅធ្វើអធិការកិច្ចលើការវិនិយោគខាងសង់ ជួសជុល និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្ដទាំងនៅទីរួមខេត្ត និងនៅទីរួមស្រុកស្នួល។
ជាលទ្ធផល នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ក្រុមគណៈប្រតិភូ បានធ្វើរបាយការណ៍ជូនរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច អំពីលទ្ធផល នៃការចុះអធិការកិច្ចដោយលើកឡើង ពីបញ្ហាមួយចំនួនទាំងការ អនុវត្តរបស់ម្ចាស់ចំណត និងការធ្វេសប្រហែសរបស់អាជ្ញាធរពាក់ព័ន្ធផងដែរ ដែលបានអនុវត្តការងារមិនប្រក្រតី។
នៅក្នុងរបាយការណ៍ របស់ក្រុមអធិការកិច្ចនេះ ក៏បានជូនមតិយោបល់ឲ្យលោករដ្ឋមន្រ្ដី ដូចជា៖ តម្រូវឲ្យម្ចាស់ចំណតរថយន្ដបង់ពិន័យជាទឹកប្រាក់ជូនរដ្ឋ ជាង៩លានរៀល និងកិច្ចការកែលម្អមួយចំនួន នៅទីចំណត ព្រមទាំងឲ្យរដ្ឋបាលខេត្តបង្កើតគណៈកម្មាធិការធ្វើការកំណត និងវាស់វែងដីទីតាំងចំណត ដែលនៅសល់ឡើងវិញ ជៀសវាងទំនាស់នៅពេលប្រគល់ទីតាំងទៅឲ្យរដ្ឋវិញ។ ដូច្នេះតាមរយៈ របាយការណ៍ ពុំមានចំណុច នៃការសម្រេចណាមួយឲ្យបញ្ចប់អាជីវកម្មចំណតរថយន្ដ ពីលោករដ្ឋមន្ដ្រីនោះទេ ស្រាប់តែនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ក៏មានលិខិតរបស់លោក ងឺ តាយី ដាក់ជូនអភិបាល ខេត្ដក្រចេះ ឲ្យបញ្ចប់កិច្ចសន្យាទៅវិញ។
អភិបាលខេត្តក្រចេះ លោក ស ចំរុង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នេះជាការសម្រេចរបស់ថ្នាក់ក្រសួង ដោយអាជ្ញាធរខេត្តរបស់លោកពុំមានសិទ្ធិអ្វីលើសពីនេះឡើយ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ អ្នកស្រី ឃឹម នាង បានប្រាប់ថា អ្នកស្រីបានរៀបឯកសារប្តឹងដាក់ទៅ ក្រសួងមហាផ្ទៃ, ក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងអង្គភាពប្រឆំាងអំពើពុករលួយ ពីព្រោះអ្នកស្រីយល់ឃើញថា អាជ្ញាធរបានឃុបឃិតជាមួយឈ្មោះ នី ហេង យកដីបេនឡានធ្វើតូបលក់តម្លៃរាប់ពាន់រាប់ម៉ឺនដុល្លារ ហើយកុងត្រាជាមួយគេ៣០ឆ្នាំទៀត ពេលដីស្ថិតនៅក្នុងសិទ្ធិវិនិយោគរបស់អ្នកស្រី។
អ្នកស្រីបានបន្តថា «កន្លងមកនាងខ្ញុំបានតស៊ូសុខចិត្តស្វែងរកដំណោះស្រាយ តែក្នុងដែនអាជ្ញាធរ និងក្រសួងសេដ្ឋកិច្ច ប៉ុន្តែខ្ញុំពិនិត្យថា គាត់ (លោក ងី តាយី) មិនស្តាប់ជំនាញបំភ្លឺទៀត។ គាត់សម្រេចហាក់បីដូចរំលោភសិទ្ធិប្រតិភូដែល ឯកឧត្តមទេសរដ្ឋមន្ត្រី ចាត់ទៅធ្វើអធិការកិច្ចទៅទៀត។ រឿងនេះប្រាកដជាមានបញ្ហាអ្វីមួយនៅពីក្រោយ បានជាភាគីខាងខ្ញុំសុំឲ្យមានដំណោះស្រាយ មិនទទួលបានយុត្តធម៌សោះ។ ខ្ញុំសុំត្រឹមផុតអាណ្តតិនៅសល់តែ១ឆ្នាំ១០ខែសោះ គេមិនអនុគ្រោះ វាហាក់បីដូចជា អយុត្តិធម៌ខ្លាំងណាស់សំរាប់ភាគីខាងខ្ញុំ ត្រង់គេនំាគ្នាយកដីបេនឡាន ទៅសង់តូបយ៉ាងច្រើន លក់យកលុយហើយមកលុបកិច្ចសន្យាខាងខ្ញុំទៀត»៕