(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ នៅចំណុចផ្ទះសំណាក់ «លីបុទុម» បន្ទប់លេខ១០៦ និង១០៧ ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានដឹងថា នៅរសៀលថ្ងៃទី១៦ ខែមីនា កន្លងទៅនេះ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប ករណីសង្ស័យខាងលើ និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់រួមមាន៖
ទី១-ឈ្មោះ ស្មៃ ចន្នី អាយុ២៦ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
ទី២-ឈ្មោះ សាម៉ុន រិទី្ធ (ហៅ ក្តី) អាយុ២៤ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
ទី៣-ឈ្មោះ ម៉ន ស្រីសរ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ បច្ចុប្បន្នរស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
ទី៤-ឈ្មោះ ញាន សាវែង ហៅ ស្រីដែត ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ បច្ចុប្បន្នរស់នៅភូមិបី សង្កាត់ព្រះពន្លស ក្រុងសិរីសោភ័ណ។
វត្ថុតាងរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន៣កូនថង់, ទូរស័ព្ទដៃចំនួន២គ្រឿង, នាឡិកាដៃចំនួន១ខ្សែ, ចិញ្ចៀនលោហធាតុពណ៌លឿងចំនួន១វង់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តថា ក្រោយធ្វើការសាកសួរ និងធ្វើតេស្តទឹកនោមរួច លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ មន្ត្រីជំនាញបានធ្វើការសាកសួរបន្ថែម ធ្វើតេស្តទឹកនោម និងតេស្តលើសារធាតុញៀន អាចបញ្ជាក់បានថា ជនសង្ស័យទាំង៤នាក់ខាងលើ ពិតជាបានរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ពិតប្រាកដមែន។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងជំនាញបានរៀបចំឯកសារបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕