(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឺង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងប្រធានក្រុមការងារចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា ខេត្តស្វាយរៀង បានអំពាវនាវឲ្យខ្មែរទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាតម្លៃសន្តិភាពនេះ ឲ្យរស់ស្ថិតស្ថេរគង់វង្ស មិនឲ្យមានអ្នកណាមួយមកបំផ្លាញបានឡើយ ព្រោះសន្តិភាពនេះរកមកដោយលំបាកបំផុត ជាការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ទើបមាននូវអ្វីៗសព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍បានឲ្យដឹងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំ មិនចង់បានអ្វីក្រៅពីឃើញពលរដ្ឋរស់ នៅមានជីវភាពសមរម្យ រស់ដោយប្រទេសជាតិមាន សុខសន្តិភាព វឌ្ឍនភាព សង្គមរស់ដោយសេចក្តីថ្លៃថ្នូរនោះឡើយ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍បែបនេះ បានធ្វើឡើងក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារ និងសម្ភោធសមិទ្ធផលនានា ក្នុងវត្តបទុមរង្សី (ហៅវត្តចេក) ស្ថិតនៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ ដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ដែលចំណាយថវិកាអស់៦២៥០០០ដុល្លារ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «សូមប្រជាពលរដ្ឋទាំងអស់ ត្រូវជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានប្រែក្លាយប្រទេស តាំងពីបាតដៃទទេ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ»។
លោកក៏បានជម្រុញឲ្យអាជ្ញាធរកងកម្លាំង គ្រប់លំដាប់ថ្នាក់ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ជាពិសេសអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យទទួលបានជោគជ័យ។
នាយឧត្តមសេនីយ៍ ក៏បានលើកឡើងអំពីប្រវត្តិប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់មនុស្សស្លូតត្រង់ជាង៣លាននាក់ ហើយបានរំដោះប្រទេស ដោយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឲ្យប្រទេសជាតិមានការរីចម្រើនលើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំមនុស្សធ្វើអំពើល្អ ស្គាល់បាប ស្គាល់បុណ្យ ស្គាល់គុណ ស្គាល់ទោស ហើយទីអារាម គឺជាថ្នាលបណ្ដុះណ្តាលធនធានមនុស្ស ឲ្យមានអនាគតភ្លឺស្វាង និងក្លាយជាថ្នាក់ដឹកនាំប្រទេសប្រកបដោយគុណធម៌ផងដែរ។
លោកថា «សព្វថ្ងៃនេះព្រះពុទ្ធសាសនា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយប្រទេសកម្ពុជា មានវត្តអារាមប្រមាណជាង៤០០០វត្ត និងព្រះសង្ឃជាង៦ម៉ឺនអង្គឯណោះ នៅទូទាំងប្រទេស ហើយបើវិស័យព្រះពុទ្ធចក្ររីកចម្រើន វិស័យអាណាចក្រក៏រីកចម្រើនដែរ ពោលគឺត្រូវតែដើរទន្ទឹមគ្នា»។
សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនដល់យាយជី តាជី ប្រជាពលរដ្ឋចូលរួមក្នុងម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀល និងក្រណាត់សរមួយដុំ, សាលារៀន៣ ក្នុងមួយសាលាទទួលបាន១លានរៀល និងរោងទិសទាំង៩ ក្នុងមួយទិស១លាន៕