(ព្រះសីហនុ)៖ បន្ទាប់ពីមានការរិះគន់ថា ការដ្ឋានសំណង់សណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះ XI-HU International Hotel Co., Ltd. ដែលវិនិយោគដោយជនជាតិចិន ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ នៅក្បែរឆ្នេរសណ្ឋាគារសុខា ក្រុងព្រះសីហនុ ដែលបានចាក់ដីក្រហម ហើយនៅពេលភ្លៀងធ្លាក់ម្តងៗ ហូរចូលសមុទ្រហើយធ្វើឲ្យសមុទ្រប្រែក្លាយទឹកសមុទ្រ ពីពណ៌ខៀវស្រងាត់ ទៅជាក្រហមគួរឲ្យខ្លាចនោះ។ 

នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ ត្រូវបានតំណាងក្រុមហ៊ុន XI-HU International Hotel Co., Ltd. បានចេញមុខអះអាងឲ្យដឹងថា «ទឹកក្រហមដែលហូរចូល ទឹកសមុទ្រនោះ គឺហូរចេញពីសណ្ឋាគារសុខា ដែលនៅក្បែរនោះ» មិនមែនហូរចេញពីការដ្ឋានសំណង់របស់ក្រុមហ៊ុន XI-HU International ព្រោះទីតាំងសម្រាប់សាងសង់ មិនទាន់ដំណើរការនោះទេ ហើយពាក់ព័ន្ធនឹងផ្លូវច្បាប់គឺមានឯកសារត្រឹមត្រូវ មិនមានអ្វីល្មើសច្បាប់នោះទេ។

តំណាងក្រុមហ៊ុនរូបនោះបានបញ្ជាក់ថា ក្រុមការងារសំណង់គេមានបច្ចេកទេសខ្ពស់ ក្នុងការទប់ស្កាត់មិនឲ្យទឹកហូរចូលទៅសមុទ្រ ដោយគ្មានការចម្រោះនោះទេ មានបច្ចេកទេសទប់ស្កាត់ដោយដាក់លូទប់ទឹក។

សំណង់សណ្ឋាគារនេះ វិនិយោគទុនដោយក្រុមហ៊ុនចិន មានតម្លៃទឹកប្រាក់ដល់ ១៧៥លានដុល្លារ កំពស់២៧ជាន់ និងចំនួន៧០០បន្ទប់ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទោះបីយ៉ាងណា យើងខ្ញុំមិនអាចសុំការបំភ្លឺពីភាគីខាងសណ្ឋាគារ សុខា របស់លោកឧកញ៉ា សុខគង់ នោះទេ, យើងខ្ញុំរង់ចាំការបំភ្លឺជានិច្ចពីភាគីសណ្ឋាគារសុខា ជុំវិញបញ្ហាខាងលើនេះ។

សូមជំរាបថា នាពេលថ្មីៗនេះ ប្រជាពលរដ្ឋ មន្រ្តីរាជការ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នារិះគន់អាជ្ញាធរដែនដី និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបណ្តែតបណ្តោយឲ្យការដ្ឋានសំណង់សណ្ឋាគារលំដាប់ផ្កាយ៥ XI-HU International Hotel Co., Ltd នៅក្បែរឆ្នេរសណ្ឋាគារ សុខា ក្រុងព្រះសីហនុ ដែលបានចាក់ដីក្រហម រំលោភយកអូរ និងដីចំណីរឆ្នេរសមុទ្រ យ៉ាងអនាធិបតេយ្យ មិនតែប៉ុណ្ណោះពេលដែលភ្លៀងធ្លាក់ មកម្តងៗដីក្រហមនោះបានហូរចូលសមុទ្រ បានប្រែក្លាយទឹកសមុទ្រពីពណ៌ខៀវស្រងាត់គួរឲ្យមុជលេង ទៅជាពណ៌ក្រហមគួរឲ្យខ្លាចទៅវិញ ប៉ុន្តែឥឡូវនេះត្រូវបានតំណាងក្រុមហ៊ុនចេញមុខអះអាងថា ទឹកក្រហមដែលហូរចូលទឹកសមុទ្រនោះ គឺហូរចេញពីសណ្ឋាគារសុខា៕