(ព្រះសីហនុ)៖ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធបទល្មើសលួចទ្រព្យសម្បត្តិជនបរទេស (ចិន) ក្នុងនោះជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគារចំនួន៣ដងមកហើយ តែមិនព្រមកែខ្លួនទៀត។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០និង០០នាទី ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីចោរកម្ម (អំពើលួច) បង្កឡើងដោយជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពលួចយកសម្ភារមានតម្លៃរួចគេចខ្លួនបាត់។
លោកស្នងការបន្តថា ក្រោយពេលទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ២ សង្កាត់លេខ៤ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ និងអ្នកសមគំនិត សរុបចំនួន២នាក់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៦និង០០នាទី។
ជនរងគ្រោះឈ្មោះ DEWI JUNIWATI ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ THE RICH កាន់លិខិតឆ្លងដែនលេខៈ B៧៩០៥៤២៦ ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារបាត់បង់៖ ទូរស័ព្ទដៃ៣គ្រឿង និងលុយ១,០០០ដុល្លារ។ ជនសង្ស័យទាំង២នាក់រួមមាន៖ ទី១-ឈ្មោះ រីម សុភ័ក្រ្ត ហៅ ចារ ឬ ភាព អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្រុមទី៥ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ជាមុខសញ្ញាចាស់មិនរាងចាលធ្លាប់ជាប់ពន្ធនាគារចំនួន៣លើកពីបទចោរកម្ម និងទី២-ឈ្មោះ ង៉ាន វណ្ឌី ហៅ ឌី អាយុ៤១ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត)។
វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ១គ្រឿង ម៉ាក វីវា ពណ៌ខ្មៅ ស្លាកលេខ រាជការ4399 (មធ្យោបាយធ្វើសកម្មភាព)។
បើតាមលោកស្នងការ បន្ទាប់មកកម្លាំងនគរបាលរបស់លោក បានធ្វើការឆែកឆេរកន្លែងដែលជនសង្ស័យស្នាក់នៅ ហើយរកឃើញសម្ភារវត្ថុតាង ដែលជាផលនៃអំពើលួចមានដូចខាងក្រោម៖ កុំព្យូទ័រយួរដៃ២គ្រឿង, អាយផេត៤គ្រឿង និងទូរស័ព្ទដៃ៥០គ្រឿង។
ករណីនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ធាននគរបាលខេត្ត បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ធទាំងអស់បើមានបញ្ហាបាត់ បង់ដោយមិនបានមកដាក់បណ្ដឹង នៅស្នងការនគរបាលខេត្ត និងសូមមកពិនិត្យ ហើយការិយាល័យនគរបាលព្រហ្មកំរិតស្រាលនឹងបន្តនីតិវិធី៕