(ពោធិ៍សាត់)៖ លោក ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តពោធិ៍សាត់, លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក ខូយ សុខា ទីប្រឹក្សាគណបក្សខេត្ត នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០១៧ និងទិសដៅភារកិច្ចឆ្នាំ២០១៨ ដោយបានការចូលរួមពីប្រធាន អនុប្រធាន និងក្រុមការងារគណបក្សប្រជាជនកម្ពុជា មកពីស្រុក ក្រុងទាំង៦ ទូទាំងខេត្តពោធិ៍សាត់ ក្រុមការងារយុវជនជន សមាគមនារីខេត្ត ប្រមាណ៣៥០នាក់ នៅសាលប្រជុំអូរចំបក់ ក្រុងពោធិ៍សាត់។
បន្ទាប់ពីលោក ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានអាននូវរបាយការណ៍ លទ្ធផលសកម្មភាព ដែលគណបក្សប្រជាជនខេត្ត អនុវត្តបានក្នុងឆ្នាំ២០១៧រួចមកលោក ម៉ៅ ធនិន បានលើកឡើងនូវទិសដៅសំខាន់ៗ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងដើម្បីឈានបន្តការកសាង និងការពារមាតុភូមិ សម្រាប់ឆ្នាំ២០១៨-២០២៣ខាងមុខ។
លោក ស៊ុយ សែម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចប្រធានគណបក្ស ដែលតែងតែនឹករលឹក គិតគួរអំពីទុក្ខលំបាក ជីវភាពរបស់សមាជិកបក្សនៅថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋ។ លោកក៏បានវាយតម្លៃខ្ពស់ ទៅលើលទ្ធផល និងសមិទ្ធផល ដែលគណៈកម្មាធិការគណបក្សខេត្ត អនុវត្តបានក្នុងឆ្នាំ២០១៧ ព្រមទាំងធ្វើការកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់សមាជិកបក្ស ក្រុមការងារបក្ស គ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ចំណាយពេលវេលា និងធនធាន ក្នុងការបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ក្រោមដំបូលសន្តិភាពតែមួយ។
លោក ស៊ុយ សែម បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ ក្រុមការងារចុះជួយមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តអនុវត្តភារកិច្ចមួយចំនួនរួមមាន៖
*ត្រូវចូលរួមថែរក្សាសន្តិភាព ស្ថេរភាព ឲ្យខាងតែងបាន ទោះនៅកន្លែងណាក៏ដោយ
*ត្រូវចូលរួមទប់ស្កាត់រាល់ចលនាបក្សប្រឆាំង ក្នុងគោលបំណងជ្រៀតចូលក្នុងមូលដ្ឋានរបស់យើង
*ត្រូវថ្នាក់ថ្មមសភាពការអំណោយផលបច្ចុប្បន្ននេះ ឲ្យបានល្អ និងស្ងប់ស្ងាត់ មុននិងក្រោយថ្ងៃបោះឆ្នោត
*អាជ្ញាធរដែនដីទាំងអស់ ត្រូវបម្រើប្រជាជនឲ្យបានល្អ លើសេវាតម្រូវការជាចាំបាច់
*ត្រូវបន្តពង្រឹង និងពង្រីកសមាជិកបក្ស គិតទាំងយុវជនដែលដល់អាយុបោះឆ្នោត ឲ្យជាប់ជាប្រចាំ រហូតដល់ថ្ងៃបោះឆ្នោត
*ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដែលជាប្រពៃណីរបស់ក្រុមងារបក្សរបស់យើង ឲ្យបានរឹងម៉ាំតទៅទៀត ដែលទាំងនេះជាកម្លាំង ដើម្បីឈានទៅទទួលបានជ័យជំនះនៅថ្ងៃខាងមុខ *ត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ នៅតាមមូលដ្ឋានរៀងៗខ្លួន ប្រសិនបើលើសពីសមត្ថកិច្ច ឬសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍ជូនថ្នាក់លើ ដើម្បីឲ្យថ្នាក់លើជួយដោះស្រាយឲ្យទាន់ពេលវេលា
*ត្រៀមរៀបចំគ្រប់ការងារ ដែលគណបក្សថ្នាក់លើបានដឹកនាំ ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត ប្រកបដោយការយកចិត្តទុកដាក់។
សូមបញ្ជាក់ថា អង្គសន្និបាតបានប្រព្រឹត្តទៅពេញ១ថ្ងៃ ចាប់ពីម៉ោង៨៖០០ព្រឹក រហូតដល់ម៉ោង១៦៖១០ល្ងាច ក្រោមបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ដោយមានការរៀបចំកម្មវិធីពិសាបាយសាមគ្គីពេលថ្ងៃត្រង់ជូនដល់សមាជិក សមាជិកា នៃអង្គសន្និបាតផងដែរ៕