(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសស្រាល៥នាក់ និងរបួសធ្ងន់១២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង, រថយន្ដតូច៧គ្រឿង, រថយន្ដធុនធំ៤គ្រឿង, យានផ្សេងៗ២គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្បឿន, មិនប្រកាន់ស្ដាំ និងបត់គ្រោះថ្នាក់។
សូមបញ្ជាក់ថារយៈពេល១៧ថ្ងៃ ខែមីនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន១៥៥លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៩៣នាក់ រងរបួសស្រាលចំនួន១០៦នាក់ និងរបួសធ្ងន់ចំនួន១៤៧នាក់៕