(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង៣០០នាក់ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ បានមកទទួលសេវាព្យាបាលសុខភាព ដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយសង្កាត់គោកឃ្លាង ក្រោមការណែនាំ របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង។
លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រ សុខាភិបាល និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់គោកឃ្លាង ដែលមានចំនួន៨ភូមិ បានថ្លែងថា «ក្រោមការណែនាំដោយផ្ទាល់ពីសំណាក់លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃនេះយើងមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិដីថ្មី ដែលមានពិនិត្យព្យាបាលនូវ ជំងឺទូទៅ សេវាពិនិត្យពិគ្រោះព្យាបាលជំងឺបេះដូង ពិនិត្យផ្ទៃពោះ មាត់ធ្មេញ ព្យាបាលដោយចលនា ជំងឺលើសឈាម ជំងឺភ្នែក និងផ្តល់វ៉ែនតាផងដែរ ។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ក៏បានថ្លែងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចេះថែរក្សាសុខភាពឱ្យបានល្អ និង ត្រូវរួសរាន់ទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យឱ្យបានទាន់ពេលវេលាក្នុងករណីដែលមានជំងឺឈឺស្កាត់ផ្សេងៗ តាមរយៈការជួបពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ។
លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងបញ្ជាក់ផងដែរ «ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការ នយោបាយ ឫសាសនា ប្រមូលកម្លាំងស្ម័គ្រចិត្ត ចូលរួមធ្វើសកម្មភាពមនុស្សធម៌ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់ជំនាញដល់និស្សិតពេទ្យ ឲ្យមានជំនាញបន្ថែម។ ចំពោះ សកម្មមនុស្សធម៌នេះ គឺដើម្បីបង្ខិតសេវាសុខាភិបាល និងសកម្មភាពមនុស្សធម៌ ឱ្យគៀកដល់បងប្អូនប្រជាពលរដ្ឋ តាមសហគមន៍ និងដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ លើសពីនេះ ក្រុមការងារយើង នឹងបន្ដព្យាបាលដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ នៅខែក្រោយៗទៀត នៅតាមភូមិទាំង៨ ក្នុងសង្កាត់គោកឃ្លាងនេះ» ។
គួរជម្រាបថា ការចុះអប់រំសុខភាព និងផ្តល់សេវាសុខភាពទូទៅជូនពលរដ្ឋដល់សហគមន៍នេះ គឺក្រុមការងារគ្រូពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានចុះស្ទើរតែរៀងរាល់ខែ ពិសេសរាល់ជំងឺដែលព្យាបាលមិនទាន់ជាហើយ និងបន្ដបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីតាមដានពិនិត្យព្យាបាលដោយឥតគិតថ្លៃបន្ថែមទៀតផងដែរ ៕