(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា បានសន្យាជ្រោមជ្រែងតាមលទ្ធភាពក្នុងការជួសជុលសាលមហោស្រពអង្គរឡើងវិញ ក្រោយត្រូវអគ្គិភ័យឆាបឆេះ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោកស្រីចុះបំពេញភារកិច្ចនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ។

ការអញ្ជើញទៅពិនិត្យសាលមហោស្រពអង្គរនេះ ធ្វើឡើងបន្ទាប់ពីសាលមហោស្រពដ៏ធំ ដែលបានបង្ហាញទស្សនីយភាពដ៏អស្ចារ្យនៃអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរមួយនេះ ទើបតែត្រូវអគ្គីសនីឆាបឆេះកាលពីថ្ងៃទី១៦ ខែមីនា ម្សិលមិញ។

ជាមួយគ្នានឹងការចុះពិនិត្យ លោកស្រីរដ្ឋមន្ត្រីក៏បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ព្រមទាំងសន្យាជួយជ្រោមតាមលទ្ធភាពគ្រប់យ៉ាង ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីឲ្យសាលមហោស្រពនេះអាចមានលទ្ធភាពសម្តែងឡើងវិញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យទាំងនោះ។

សាលមហោស្រពអង្គរ ត្រូវបានសាងសង់ដោយគម្រោងវិនិយោគរួមគ្នារវាងអ្នកវិនិយោគចិន និងវិនិយោគក្នុងស្រុក ដែលមានទីតាំងនៅជាប់បុរីប្រិមប្រិយខេត្តសៀមរាប។ សាលមហោស្រពនេះទើបតែដាក់សម្ពោធប្រើប្រាស់ជាផ្លូវការកាលពីខែតុលា ឆ្នាំ២០១៧ កន្លងទៅ និងត្រូវបានឆាបឆេះដោយគ្រោះអគ្គីភ័យនៅព្រឹកព្រលឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ៕