(កំពង់ធំ)៖ នារាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានរៀបចំការប្រគំតន្រ្តី សម្ពោធថាសចំរៀងថ្មី របស់លោក យឹង យន ដែលមានឈ្មោះថា «ស្រឡាញ់សហរដ្ឋអាមេរិក៖ ដំណើររបស់ យឹង យន នៅក្នុងសហរដ្ឋអាមេរិក» ជាលើកទី២ ដែលរៀបចំធ្វើឡើង នៅក្នុងបរិវេណស្ដាតចាស់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ការប្រគំតន្រ្តីសម្ពោធថាសចំរៀងថ្មី របស់លោក យឹង យន ខាងលើនេះ ក៏មានអញ្ជើញចូលរួមពី លោក William Heidt ឯកអគ្គរដ្ឋសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជាផងដែរ។ ការប្រគំតន្រ្តីនេះ បើកឲ្យសាធារណជន ចូលទស្សនាដោយមិនគិតថ្លៃ។
ទស្សនិកជនដែលបានចូលរួម នឹងទទួលបាននូវថាសចំរៀងថ្មីមួយ មានចំណងជើងថា «ស្រឡាញ់សហរដ្ឋអាមេរិក៖ ដំណើររបស់ យឹង យន នៅក្នុងសហរដ្ឋអាមេរិក» ("Lovin' USA: Yorn Young's Journey Across America") របស់លោក ដោយឥតគិតថ្លៃ។
លោក William Heidt បានឲ្យដឹងថា តាមរយៈការប្រគំតន្រ្តីនេះ វាជាលក្ខណៈអប់រំ ហើយក៏ផ្តល់នូវការយល់ដឹងខ្លះ អំពីសហរដ្ឋអាមេរិក ជាពិសេសរូបលោក និងជនជាតិអាមេរិក ដែលបានមកទស្សនាការប្រគំតន្រ្តី ទាំង២លើកនេះ បានដឹងអំពីវប្បធម៌ដ៏ល្អរបស់កម្ពុជា តាមរយៈរបាំ ចំរៀងចាប៉ី និងប្រពៃណីផ្សេងៗទៀត។
នៅឆ្នាំ២០១៣ លោក យឹង យន បានចូលរួម នៅក្នុងកម្មវិធីផ្លាស់ប្តូរ ផ្នែកតន្រ្តីដែលមានឈ្មោះថា OneBeat នៅក្នុងសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្តូរនោះ មានការចូលរួម នៃតន្រ្តីករ មកពីទូទាំងពិភពលោក ដើម្បីធ្វើការសហការគ្នា និងបង្កើតបទចំរៀងដើម ហើយត្រូវបានឧបត្ថម្ភ ដោយសហរដ្ឋអាមេរិក។
លោក យន មានការរំភើបចំពោះ ការចូលរួមនោះ ហើយបានសរសេរបទចំរៀងខ្មែរចំនួន១១បទ ជាស្នាដៃដើមរបស់លោក ស្តីពីរដ្ឋនានាក្នុង សហរដ្ឋអាមេរិក ដូចជារដ្ឋ Minnesota, North Carolina និងរដ្ឋ Florida។ ការប្រគំតន្រ្តីខាងលើនេះ នឹងបង្ហាញបទចំរៀងទាំង១១បទនោះ នៅលើថាសចំរៀង ជាលើកដំបូង របស់លោក។
ក្នុងពេលថ្មីៗនេះ ស្ថានទូតអាមេរិក ក៏បានផ្តល់អំណោយថវិកាខ្នាតតូចមួយ ដល់លោក យឹង យន និងក្រុមតន្រ្តីរបស់លោក ដើម្បីជំរុញដល់ការ បង្កើតអាលប៊ុមចំរៀងថ្មី ដែលមានចំណង ជើងថា «Lovin’ USA: Yorng Young Journey Across America» (ស្រឡាញ់សហរដ្ឋអាមេរិក៖ ដំណើររបស់យឹង យន នៅទូទាំងប្រទេសអាមេរិក)ផងដែរ។
នៅក្រោមអំណោយថវិកានេះ លោក យន នឹងធ្វើការប្រជុំផ្តល់ព័ត៌មាន ដល់កូនសិស្សដែលទទួលបានអាហារូបករណ៍ខ្នាតតូច ផ្នែកភាសាអង់គ្លេស របស់ស្ថានទូតអាមេរិក នៅខេត្តកំពង់ធំ ដើម្បីប្រាប់ពីបទពិសោធន៍របស់លោក នៅក្នុងការចូលរួមក្នុងកម្មវិធី OneBeat ក្នុងសហរដ្ឋអាមេរិក។
អាល់ប៊ុមចំរៀងថ្មីនេះ មានចំរៀងចំនួន ១១ បទ រៀបរាប់ពីទីក្រុង និងរដ្ឋនានា នៅក្នុងសហរដ្ឋអាមេរិក។ បំណងនៃអំណោយថវិកានេះ គឺដើម្បីកសាងទំនាក់ទំនងល្អ រវាងប្រជាជន កម្ពុជា និងប្រជាជនអាមេរិក តាមរយៈតន្រ្តី និងកម្មវិធីវប្បធម៌។
សូមជម្រាបផងដែរថា ការប្រគំតន្រ្តី សម្ពោធថាសចំរៀងថ្មី លើកទី១ របស់លោក យឹង យន បានរៀបចំធ្វើឡើង នៅក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។ កម្មវិធីនេះ បើកជូនសាធារណជន ចូលទស្សនាដោយមិនគិតថ្លៃ៕