(ត្បូងឃ្មុំ)៖ លោក ហ៊ុន ម៉ានី តំណាងសម្តេចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញសម្ពោធសមិទ្ធផលរបស់ វិទ្យាល័យ ម៉ាអាហាទហាជ្ជីហ្វិកក្រី ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលមានតម្លៃជាង១៤ម៉ឺនដុល្លា លោកបានប្រកាសប្រគល់បន្ថែមនូវអាគារសិក្សា១ខ្នង ទៀតដែល មានកំពស់៤ជាន់ ២៤បន្ទប់ជាកាដូរចំណងដៃពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនសហគមន៍អ្នកឃុំជំនីក ដែលសាងសង់នៅក្នុងបរិវេណវិហារឥស្លាមភូមិបន្ទាយ ឃុំជំនីក នៅជាប់វិទ្យាល័យម៉ាអាហាទហាជ្ជីហ្វិកក្រី។
អំណោយដ៏ថ្លៃថ្លានេះ បានផ្តល់នូវការរំភើបចិត្តកាន់តែខ្លាំងឡើងដល់សហគមន៍ខ្មែរឥស្លាមអ្នកឃុំជំនីក ស្របពេលនឹងសហគមន៍មួយនេះ ក៏បានទទួលនូវសមិទ្ធផលអាគារសិក្សាសរុប២០រួច ពីសប្បុរសជនម៉ាឡេស៊ី ប៉ុន្ដែនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់តម្រូវការជាក់ស្តែងរបស់ពួកគាត់ ខណៈសិស្សានុសិស្សកាន់តែមានការកើនឡើងពី១ឆ្នាំ ទៅ១ឆ្នាំ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបង្ហាញសុទិដ្ឋិនិយមចំពោះសមិទ្ធផលច្រើន ដែលសហគមន៍ខ្មែរឥស្លាមរបស់លោក បាននិងកំពុងទទួលបានជារឿយៗ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ បន្ទាប់ពីបានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល លោកឧកញ៉ា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសហគមន៍របស់ខ្លួន ឲ្យរួបរួមសហការគ្នាបំពេញតួនាទីជាពលរដ្ឋមានតម្លៃ គុណធម៌ ក្នុងសង្គម និងដឹងគុណជានិច្ចដល់គណបក្សប្រជាជនកម្ពុជា ដែលជាអ្នកផ្តល់កំណើតទី២ដល់អ្នកគ្រប់គ្នា។
ស្របពេលជាមួយនឹងការប្រកាសសម្ពោធអាគារសិក្សា និងសមិទ្ធផលនានារបស់វិទ្យាល័យ ម៉ាអាហាទហាជ្ជីហ្វិកគ្រី ក៏ដូចជាការផ្តល់ជូនបន្ថែមចំណងដៃ ពីសម្តេចតេជោ នូវអាគារសិក្សា២៤ បន្ទប់បន្ថែមទៀត លោក ហ៊ុន ម៉ានី បានលើកឡើងថា ទោះក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែឈរលើឆន្ទៈមួយដែលយករាស្រ្តជាធំ និងបន្តកសាងរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ត្បិតយើងទទួលស្គាល់ថា ចំណុចខ្វះចន្លោះមួយចំនួន វាតែងតែមាន ហើយប្រទេសណាមួយដែលគ្មានចំណុចខ្វះខាតនោះ? តែយើងនៅតែមានមោទនៈភាព ចំពោះស្នាដៃនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានបំពេញនូវភាពខ្វះខាតស្ទើរទាំងស្រុង ហើយធ្វើឲ្យប្រទេសជាតិទាំងមូលកាន់តែមានការរីកចម្រើនទៅមុខពី១ឆ្នាំទៅ១ឆ្នាំ ពី១អាណត្តិទៅ១អាណត្តិ។
លោក ហ៊ុន ម៉ានី បន្តថាសមិទ្ធផលទាំងអស់នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺវាកើតឡើងដោយកិច្ចខិតខំស្តារប្រទេសជាតិ ដោយមានការលះបង់ខ្ពស់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពីប្រទេសអសន្តិសុខប្រទេសមានសង្គ្រាម ទៅជាសុខសន្តិភាព ពេញលេញ។
ជាចុងក្រោយលោក ហ៊ុន ម៉ានី បានរំលឹកផងដែរថា យើងជាខ្មែរ យើងត្រូវមានគុណធម៌មួយ កុំសូវមើលឃើញតែចំណុចខ្វះខាត ចំនុចខ្សោយខ្លះ ក្នុងសង្គមជាក់ស្តែង ព្រោះចំណុចវិជ្ជមានចំណុចខ្លាំងជាច្រើនលើសលុប នៅជុំវិញខ្លួនយើងដែលត្រូវមើលរំលងសោះឡើយ ខណៈបើយើងនៅតែគិតតែពី ចំណុចអវិជ្ជមានពេក តើមានអ្វីជាដើមទុនផ្ទាល់ខ្លួន ជាឆន្ទៈផ្ទាល់ខ្លួនចូលរួមជាមួយគ្នាដោយសន្តិភាព សន្តិវិធីក្នុងការកសាងសង្គមជាតិរបស់យើង?។
លោក ហ៊ុន ម៉ានី ក៏បាននាំអណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនចាស់ជរាជនក្រីក្រ១០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤ម៉ឺនរៀល លោកគ្រូអ្នកគ្រូ៦៣នាក់ ម្នាក់ៗទទួលបាន៣ម៉ឺនរៀល យុវជនកាកបាទក្រហមកម្ពុជា៥០នាក់ ម្នាក់ៗ១ម៉ឺនរៀល យុវជនកាយរិទ្ធ៥០នាក់ ម្នាក់ៗ១ម៉ឺនរៀល យុវជនសសយក១០០នាក់ ម្នាក់ៗ១ម៉ឺនរៀល សម្ព័ន្ធយុវជនមុស្លិមកម្ពុជា១០០នាក់ ម្នាក់ៗ១ម៉ឺនរៀល សិស្សានុសិស្ស៧២៨នាក់ ម្នាក់ៗសៀវភៅ២ក្បាល ប៊ិច២ ថវិកា៥០០០រៀល។
សូមជម្រាបថា វិទ្យាល័យម៉ាអាហាទហាជីហ្វីកក្រី ចាប់ផ្តើមកសាង ក្នុងឆ្នាំ២០១៤ អគារចំនួន០១ខ្នង ពីរជាន់មាន១២បន្ទប់ ដែលមានទីតាំងនៅភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានដំណើរការរៀនបង្រៀនចាប់ពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។ សិស្សានុសិស្សកាន់តែកើនឡើង ជាមួយសិស្សមកពីបណ្តា ឃុំផ្សេងៗមករៀនសាលានេះដែរ ធ្វើឲ្យសាលាខ្វះបន្ទប់រៀន ហើយគណៈកម្មការសាលាបានធ្វើការស្នើសុំជាលើកទី២ ដោយម្ចាស់ជំនួយបាន ឃើញជាក់ស្តែងអំពីខ្វះបន្ទប់រៀន ក៏សម្រេចផ្តល់បន្ថែមនូវសមិទ្ធផលដែលត្រូវដាក់សម្ពោធថ្ងៃនេះ៕