(តាកែវ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្ដដឹកដី បុកជាមួយរថយន្ដដឹកកម្មករ បណ្ដាលឲ្យកម្មករ១២នាក់ រងរបួសធ្ងន់ស្រាល នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្មករដែលរងរបួសធ្ងន់ស្រាលទាំង១២នាក់នោះ មានស្រី១០នាក់ និងប្រុស២នាក់ ប៉ុន្ដែក្រោយកើតហេតុកម្លាំងនគរបាលជំនាញរបស់លោក បានចេញអន្ដរាគមន៍បញ្ជូនជនរងគ្រោះទៅសង្គ្រោះភា្លមៗផងដែរ។
ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ មិនទាន់ត្រូវបានលោកស្នងការបញ្ជាក់ឲ្យដឹងនោះទេ ព្រោះពេលនេះកម្លាំងនគរបាលជំនាញ កំពុងធ្វើការសួរនាំ និងស្រាវជ្រាវតាមនីតិវិធី៕