(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីក្នុងសន្និបាតគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ស្តីពីរបាយការណ៍សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៧ និងលើកទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០១៨។
បន្ទាប់ពីលោក អ៊ឹង ហឿន អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានអាននូវរបាយការណ៍ លទ្ធផលសកម្មភាព ដែលគណបក្សប្រជាជនខេត្ត អនុវត្តបានក្នុងឆ្នាំ២០១៧រួចមក, លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានលើកនូវទិសដៅសំខាន់ៗ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
ក្នុងនោះ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការក្រើនរំលឹកដល់គ្រប់ថ្នាក់ដឹកនាំ ក្រុមការងារចុះជួយមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋកត្តាសំខាន់ដោយផ្តោតឆ្ពោះទៅកាន់មូលដ្ឋានដាច់ស្រយាល និងប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ព្រមទាំងបង្កើនការគ្រប់គ្រងពង្រីកនូវសមាជិកភាពរបស់ខ្លួនក្នុងមូលដ្ឋានផងដែរ។
ជាមួយគ្នានោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែនឹករលឹក គិតគួរអំពីទុក្ខលំបាក ជីវភាពរបស់សមាជិកបក្សនៅថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ។ ក្នុងនោះ សម្តេចពិជ័យសេនា បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផល និងសមទ្ធិផលដែលគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្តសៀមរាប អនុវត្តបានក្នុងឆ្នាំ២០១៧ ព្រមទាំងធ្វើការកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់សមាជិកសមាជិការបក្សខេត្តសៀមរាបគ្រប់ជាន់ថ្នាក់ សំខាន់ចំពោះលោក លោកស្រី ជាក្រុមការងារបក្សគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់លើការបំពេញភារកិច្ចស្នូលរបស់ខ្លួនយ៉ាងសកម្ម គ្រប់រាល់សកម្មភាពនៅថ្នាក់មូលដ្ឋាន ព្រមទាំងបានរួមចំណែក លើការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនលើកគ្រប់វិស័យក្រោមដំបូលសន្តិភាពតែមួយ។
ដោយកត្តាសន្តិភាពនេះ ហើយបានធ្វើឲ្យខេត្តសៀមរាបមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានធ្វើឲ្យកេរ្តិ៍ឈ្មោះដ៏លី្បល្បាញ នៃទីក្រុងប្រវត្តិសាស្ត្រសៀមរាប បានទទួលជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០១៨-២០២០ ព្រមទាំងបានក្លាយជា តំបន់គោលដៅរបស់ភ្ញៀវទេសចរលើពិភពលោក ចូលមកទស្សនាកម្សាន្តទៀតផង។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកនូវគោលការណ៍របស់គណបក្សមួយចំនួន ដើម្បីជាប្រទីពសម្រាប់ក្រុមការងារគ្រប់ថ្នាក់យកទៅ អនុវត្តចំពោះមុខ នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបានធ្វើការក្រើនរំលឹកដល់គ្រប់ក្រុង ស្រុក ត្រូវធ្វើការណែនាំដល់គ្រប់គណបក្សឃុំ សង្កាត់ ធ្វើការគ្រប់គ្រង និងពង្រឹងពង្រីកសមាជិកភាពរបស់ខ្លួននៅតាមមូលដ្ឋាន និងក្តាប់ឲ្យបាននូវរាល់សតិអារម្មណ៍របស់សមាជិក និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចខ្លួន ដើមី្បឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
ម៉្យាងទៀតគ្រប់ឃុំ សង្កាត់ គឺត្រូវបន្តការអនុវត្តនូវតួនាទី ភារកិច្ច ដើម្បីធានាឲ្យខាងតែបាននូវប្រសិទ្ធភាព និន្តរភាព ក្នុងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងការអភិវឌ្ឍន៍មូលដ្ឋាន ការផ្តល់សេវា និងការដោះស្រាយរាល់បញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ ព្រមទាំងបញ្ហាប្រឈមនានាដែលមាននៅសេសសល់ពីឆ្នាំចាស់ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងស្របទៅតាមលិខិតបទដ្ឋាននៃច្បាប់ទៀតផង៕