(កំពង់ស្ពឺ)៖ អតីតយុទ្ធជនកម្ពុជា ដែលបានចូលសមរភូមិប្រយុទ្ធដ៏អង់អាចក្លាហាន ដើម្បីការពាររបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងទសវត្សរ៍ឆ្នាំ៨០ ទប់ទល់ជាមួយកងទ័ពខ្មែរក្រហមនោះ បានថ្លែងថា ពួកគេមិនសោកស្តាយឡើយចំពោះការពលីរបស់ពួកគេ បើទោះបីធ្លាក់ខ្លួនពិការក៏ដោយនោះ។
លោក ង៉ែ កន យោធិនពិការរស់នៅភូមិជើងក្តី ឃុំធម្មតាអរ ស្រុកសំរោងទង បានថ្លែងថា លោកមិនសោកស្តាយ ក៏ដោយសារតែលោក បានមើលឃើញថា មេដឹកនាំដែលលោកបានប្រឹងប្រឹងការពារកំពុងធ្វើឲ្យជាតិកម្ពុជារីកចម្រើន និងល្បាញល្បីជាថ្មីលើឆាកអន្តរជាតិ។
យោធិនពិការរូបនេះ បានថ្លែងដូច្នេះ ក្នុងពេលដែលអញ្ជើញទទួលមេដាយការពារជាតិនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ។ លោក កន គឺជាអតីតយុទ្ធជនមួយរូបក្នុងចំណោមអតីតយុទ្ធជនជាច្រើនរូបផ្សេងទៀត ដែលបានស្ម័គ្រចូលសមរភូមិប្រយុទ្ធដ៏អង់អាចក្លាហាន ដើម្បី ការពាររបបដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងទសវត្សរ៍ឆ្នាំ៨០ ប្រឆាំងទប់ទល់ជាមួយទាហានខ្មែរក្រហម ដែលព្យាយាមវាយផ្តួល រំលំរបបរដ្ឋកម្ពុជា ដើម្បីគ្រប់គ្រងប្រទេសជាថ្មី។
លោក ង៉ែ កន បានធ្លាក់ខ្លួនពិការមកដល់ពេលបច្ចុប្បន្នដោយសាររងទម្ងន់គ្រាប់ផ្លោងរបស់បច្ចាមិត្តពេលដែលចេញប្រយុទ្ធនោះ។ បើទោះ បីបច្ចុប្បន្នត្រូវរស់ក្នុងភាពពិការយ៉ាងណាក្តី តែអតីតយុទ្ធជនរូបនេះ បានអះអាងថា លោកមិនបានតូចចិត្តតូចថ្លើមនោះឡើយ។
«ការលះបង់ និងពលីរបស់ខ្ញុំ ខ្ញុំគ្មានការសោកស្តាយ និងគ្មានវិប្បដិសារីនោះឡើយ។ អ្វីដែលខ្ញុំបានធ្វើ គឺដើម្បីជាតិ និងប្រជាជនសួរថា បើ យើងមិនចេញប្រយុទ្ធនៅពេលនោះ តើនរណាការពារជាតិ ហើយជាតិយើងនឹងទៅជាយ៉ាងណានៅពេលក្រុមខ្មែរក្រហមវិលមកដឹកនាំប្រទេសជាថ្មីនោះ»។ លោក ង៉ែ កន បានបញ្ជាក់។
លោក ង៉ែ កន បានបន្តពន្យល់ពីមូលហេតុដែលលោកមិនសោកស្តាយចំពោះការពលីកម្មរបស់លោកទៀតថា «មួយវិញទៀត ខ្ញុំគិតថា ការលះបង់របស់ខ្ញុំអត់ខុសនោះទេ ព្រោះមេដឹកនាំដែលខ្ញុំខំប្រឹងការពារ គឺសម្តេចតេជោ ហ៊ុន សែន បាននឹងកំពុងធ្វើឲ្យជាតិយើងមានការ រីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ ជាពិសេសសម្តេចបានធ្វើឲ្យជាតិរបស់យើងមានភាពល្បាញល្បីជាថ្មីលើឆាកអន្តរជាតិ ដូច្នេះខ្ញុំអត់មានត្រូវសោកស្តាយជាមួយការលះបង់របស់ខ្ញុំនោះឡោះយ»។
បើទោះបីជាយ៉ាងណាក្តីគេសង្កេតឃើញថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏មិនបានបំភ្លេចនូវគុណូបការៈ និងការលះបង់របស់អតីតយុទ្ធជននោះឡើយ។
នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកខ្លាំងទៅសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជន។ នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់ថាបច្ចុប្បន្នសម្តេច តេជោ ហ៊ុន សែន បានបង្កើតឲ្យមានតំបន់អភិវឌ្ឍន៍ជនពិការចំនួន ៣កន្លែងក្នុងខេត្តកំពត សៀមរាប និងបន្ទាយមានជ័យជាដើម។ តាម រយៈតំបន់អភិវឌ្ឍន៍ទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានសាងសង់ ផ្ទះ និងផ្តល់ដីសម្រាប់អតីតយុទ្ធជនដែលពិការបង្កបង្កើនផលផង ដែរ។
នាយឧត្តមសេនីយ៍ គន់ គីម បន្តថា ក្រៅពីនោះសម្តេចតេជោ ហ៊ុន សែន តែងបានដោះស្រាយផ្តល់ជាផ្ទះ ជាដីដល់អតីតយុទ្ធជនជា ច្រើនទៀត។ លើសពីនោះនៅពេលក្នុងគ្រួសាររបស់អតីតយុទ្ធជនណាទទួលមរណភាព ឬអតីតយុទ្ធជនទទួលមរណភាព គឺមានការជួយ ឧបត្ថម្ភថវិកាសម្រាប់ដោះស្រាយការលំបាកផងដែរ។
បន្ថែមពីលើនេះ ដើម្បីផ្តល់កិត្តិយសដល់បងប្អូនអតីតយុទ្ធជននោះ សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយព្រះមហាក្សត្រខ្មែរផ្តល់មេ ដាយការពារជាតិដល់អតីតយុទ្ធជនថែមទៀតផង។ បច្ចុប្បន្ននាយឧត្តមសេនីយ៍ គន់ គីម បាននឹងកំពុងចុះទៅគ្រប់បណ្តាខេត្ត ដើម្បីផ្តល់ មេដាយការពារជាតិទាំងនេះដល់អតីតយុទ្ធជន។
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម បានផ្តល់មេដាយការពារជាតិនេះ ដល់អតីតយុទ្ធជនជិត ២ពាន់នាក់ នៅក្នុងខេត្តកំពង់ស្ពឺ។ ការផ្តល់មេដាយការពារជាតិនេះ បានធ្វើឲ្យអតីតយុទ្ធជនសប្បាយរីករាយ និងរំភើបជាខ្លាំង៕