(បាត់ដំបង)៖ លោក ឡេង ប៉េងឡុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុងបាត់ដំបង បានប្រាប់សមាជិកថ្មីជាង២០០នាក់ ដែលបានប្រកាសបញ្ជូលជាផ្លូវការថា ការសម្រេចចិត្តចុះចូលជាមួយបក្សប្រជាជន គឺជាការសម្រេចចិត្តដើម្បីទទួលបាននូវការអភិវឌ្ឍន៍បន្ដទៀត។
ការថ្លែងបែបនេះរបស់លោក ឡេង ប៉េងឡុង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតី ប្រកាសបញ្ជូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជានៅសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ជាង២០០នាក់។
ក្នុងឱកាសនោះ លោក ឡេង ប៉េងឡុង បានស្វាគមន៍ចំពោះការចូលរួមជីវភាព របស់ពលរដ្ឋទាំងជាង២០០នាក់នាពេលនេះ ដោយបានលើកឡើងថា នេះជាការចូលរួមដ៏ត្រឹមត្រូវ និងឧត្តុង្គឧត្តមបំផុត ពីព្រោះថាគណបក្សប្រជាជនកម្ពុជា ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៥១ មានសមាជិកប្រមាណ៤លាននាក់ និងជាគណបក្សនយោបាយមួយ ដែលបានចូលរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិរហូតមក។
បើតាមប្រធានក្រុមការងាររូបនេះ គណបក្សប្រជាជនកម្ពុជា បានកសាងប្រវត្តិជាច្រើនជូនសង្គមជាតិ ចាប់តាំងពីទស្សវត្សរ៍ឆ្នាំទី៥០មក ដូចជា បានចូលរួមចំណែកទាមទារឯករាជ្យ ពីបារាំងជាមួយចលនាសម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ជាពិសេសបក្សប្រជាជន បានតស៊ូរំដោះប្រទេសជាតិ ចេញពីរបបខ្មែរក្រហម និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិពីបាតទទេ រហូតដល់ការបង្រួបបង្រួមជាតិ មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលនាំឲ្យមានការរៀបចំបោះឆ្នោត នៅឆ្នាំ១៩៩៣ ពិសេសបានបញ្ចប់សង្រ្គាមខ្មែរនិងខ្មែរ នៅឆ្នាំ១៩៩៨ ហើយនាំមកនូវសន្តិភាពពេញផ្ទៃប្រទេស តាមរយៈយុទ្ធសាស្រ្តឈ្នះឈ្នះ។
លោកបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលនិងកំពុងទទួលកំណើនសេដ្ឋកិច្ច៧%នៅរៀងរាល់ឆ្នាំ ហើយរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមនៅគ្រប់កន្លែង ដែលនៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់។ ការអភិវឌ្ឍដែលមានសព្វថ្ងៃនេះ បានមកពីកម្ពុជាមានសន្តិភាព មានសន្តិភាពទើបអាចមានការអភិវឌ្ឍន៍បាន ដូច្នេះត្រូវរួមគ្នាថែរក្សាសន្តិភាពនេះ។
ប្រជាពលរដ្ឋជាង២០០នាក់ ដែលប្រកាសចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ មានយុវជនទើបគ្រប់អាយុ បោះឆ្នោតមួយចំនួន និងមួយចំនួនធំទៀត ជាអតីតសមាជិក អតីតគណបក្សសង្រ្គោះជាតិ។ លោក វ៉ុង ភីរ៉ូត ជាយុវជនដែលទើបគ្រប់អាយុបោះឆ្នោត នៅឆ្នាំ២០១៨នេះ បាននិយាយថាកន្លងមករូបគេ បានគាំទ្រគណបក្សសង្រ្គោះជាតិ ប៉ុន្តែដោយសារមើលឃើញថាគណបក្សនោះ មានឧបាយកលទុច្ចរិត មេដឹកនាំសុទ្ធតែក្បត់ជាតិ ធ្វើឲ្យគេអស់ជំនឿ។
លោក ស៊ីវហួន ហុកលីម តំណាងឲ្យពលរដ្ឋ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជានកម្ពុជា បានគូសបញ្ជាក់ថា ការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានាពេលនេះ កើតឡើងដោយស្ម័គ្រចិត្ត បន្ទាប់ពីគាត់បានសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា មានការខិតខំអភិវឌ្ឍន៍កសាងសុខសន្តិភាពជូនប្រជាពលរដ្ឋ ដោយស្មោះត្រង់ និងមានទស្សនវិស័យច្បាស់លាស់។
តំណាងពលរដ្ឋដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នៅក្នុងសង្កាត់អូរម៉ាល់ និងវត្តគរ បានសន្យាថា នឹងខិតខំថែរក្សាសន្តិភាព ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រុមគ្រួសាររបស់ពួកគាត់រហូតតទៅ៕