(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវសាលាធម្មសភា ព្រមទាំងសមិទ្ធផលនានា ក្នុងវត្តទួលអណ្ដែត ស្ថិតក្នុងភូមិសង្គមថ្មី ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រៈវិហារ ដោយមានការចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍ បានថ្លែងថា បើគ្មានសន្តិភាព ក៏មិនមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចនាពេលបច្ចុប្បន្ននេះដែរ ដូច្នេះសន្តិភាព ពិតជាមានតម្លៃយ៉ាងមហាសាល មិនអាចកាត់ថ្លៃបានឡើយ ហើយនេះជាគុណបំណាច់ដ៏ធំធេងរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានខិតខំចូលរួមចំណែកយ៉ាងសកម្ម ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ។
នាយឧត្តមសេនីយ៍បានបន្តថា សមិទ្ធផលសន្តិភាពដ៏ធំធេងនេះ បានកើតចេញពីនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ខិតខំតាំងពីបាតដៃទទេររហូតដល់មានអ្វីៗគ្រប់បែបយ៉ាង ដូចជាវត្តអារាម មន្ទីរពេទ្យ សាលារៀន ស្ពាន ផ្លូវ សំណង់អគារខ្ពស់ៗ ស្ពានអាកាសខ្វាត់ខ្វែង ឆ្លងកាត់ទន្លេ តភ្ជាប់ព្រំដែន ជាសរសៃឈាមសេដ្ឋកិច្ចនៅទូទាំងប្រទេស ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ នៃការកសាង និងអភិវឌ្ឍន៍ប្រទេស ព្រមទាំងការរស់នៅយ៉ាងសុខសាន្ត របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។
នាយករងខុទ្ធកាល័យរូបនេះ ក៏បានផ្ដាំផ្ញើរទៅដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋត្រូវការពារតម្លៃសុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះ ឲ្យបានដាច់ខាត ទោះបីនៅក្នុងតម្លៃណាក៏ដោយ និងត្រូវប្រឆាំងដាច់ខាត នូវរាល់សកម្មភាពបដិវត្តន៍ពណ៌នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានា ក្នុងសង្គមជាតិការពារបូរណភាពទឹកដី តំបន់ព្រំដែនជាមួយប្រទេសជិតខាង ប្រែកា្លយទៅជាតំបន់សន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា វត្តទួលអណ្ដែតមានវ័យចំណាស់នេះ ត្រូវបានកសាងឡើងក្នុងអំឡុងឆ្នាំ១៨៩០ មានអាយុកាលប្រមាណ១២៨ឆ្នាំ។ បច្ចុប្បន្ន វត្តមានការរីកចម្រើនគួរកត់សម្គាល់។ សមិទ្ធផលដែលបានកសាងតាំងពីឆ្នាំ២០១០រួមមាន រូបសំណាក់ព្រះពុទ្ធរូប បង្គោលភ្លើង អាងទឹក បង្គន់អនាម័យ ការជួសជុលព្រះវិហារ និងសាលាធម្មសភា ដែលបានចំណាយថវិការជិត២ពាន់លានរៀល។ ថ្មីៗនេះ សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់សមិទ្ធផលជូនប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត នូវអគារសិក្សាចំនួន៣សាលា មាន៤២បន្ទប់ អគារទីចាត់ការចំនួន៣ខ្នង មាន៩បន្ទប់ ផ្ទះសំណាក់គ្រូបង្រៀនចំនួន១ខ្នង មាន១០បន្ទប់ ចាក់ដីបំពេញទីធ្លាតារាងបាល់បោះ បាល់ទាត់ ចាក់ផ្លូវប៉េតុង កសាងរបង និងជួសជុលសាលារៀនចាស់១ខ្នង មាន៦បន្ទប់ផងដែរ។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនដល់ យាយជី តាជី ក្នុងម្នាក់ៗក្រណាត់ស១ដុំ ថវិការ១៥០០០រៀល សាលាស្រុកជាំក្សាន្តនូវថវិការ១០០០០០០រៀល ក្រុមប្រឹក្សាឃុំ ស្រុក លោកគ្រូអ្នកគ្រូ ប្រជាក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ ថវិការ៣០០០០រៀល ក្រុមកាយរិទ្ធិយុវជន យុវជនកាកបាទក្រហម ម្នាក់ទទួលបានថវិការ១០០០០រៀល ប្រជាពលរដ្ឋម្នាក់ៗទទួលបានឃីត១កញ្ចប់ ថវិការ១៥០០០រៀល កងរាជអាវុធហត្ថ៥០ម៉ឺនរៀល នគបាល៥០ម៉ឺនរៀល កងកម្លាំងប្រដាប់អាវុធសឹករង៥០ម៉ឺនរៀល ប្រជាការពារ១លានរៀល ប្រគេនបច្ច័យវត្ត១0000 ដុល្លារអាមេរិក អាយកូម៣០គ្រឿងឲ្យប្រជាការពារឃុំទឹកក្រហម កងពលធំលេខ៣ កងពលតូចលេខ ៧, ៨, ៩ និងសាលាស្រុកជាំក្សាន្ត នូវកុំព្យូទ័រ១គ្រឿង និងម៉ាស៊ីនព្រីន១គ្រឿង៕