(ភ្នំពេញ)៖ ខណៈដែលខ្សែភាពយន្តខ្នាតធំ រឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» បានដាក់សម្ពោធជាផ្លូវការ នៅរោងភាពយន្តលេជេនព្រីមៀរ នៅអគារអ៊ិចឆេង ជាន់ផ្ទាល់ដី គេសម្គាល់ឃើញថា មានការចូលរួម ពីសំណាក់តារាល្បីៗជាច្រើនដួង ជាពិសេសក្រៅពីវត្តមានតារាសម្ដែងលោក ខាត់ វៃហាំង ដែលជាតួឯកតំណាងឲ្យកម្ពុជាហើយនោះ គេក៏ឃើញមានវត្តមាន តារាសម្ដែងប្រុសស្រីរូបស្រស់២ដួងទៀតមកពីប្រទេសថៃ បានចូលរូម គឺលោក ឆាគីត យ៉ែមណាម និងកញ្ញា ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត ដែលជាតួឯកក្នុងរឿង មកចូលរួមផងដែរ។
យ៉ាងណាមិញ ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានផ្ដល់ក្ដីរំពឹងខ្ពស់ថា រឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ដែលខ្សែភាពយន្តចូលរួមសម្ដែង ដោយតារាល្បីជាច្រើន រូបមានទាំងខ្មែរ និងថៃ នឹងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន ពេលដាក់បញ្ចាំង នៅរោងភាពយន្តកម្ពុជា ខណៈដែលខ្សែភាពយន្ដថ្មីសន្លាងមួយនេះ បានដាក់បញ្ចាំងនៅប្រទេសថៃ និងឡាវ រួចមក ទទួលបានជោគជ័យ ពោលគឺលក់សំបុត្រអស់គ្មានសល់។
រឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ជាប្រភេទរឿងស្នេហាអូនបង ជាមួយឈុតឆាកកំប្លែង សើចតាំងពីដើមដល់ចប់ ជាមួយអត្ថន័យអប់រំជាច្រើន នៅក្នុងរឿង លាយឡំនឹងមនោសញ្ចេតនា ស្នេហាជ្រាលជ្រៅ ដក់ជាប់ក្រអៅបេះដូងអ្នកទស្សនា តែម្ដង។
ថ្លែងក្នុងកម្មវិធីសម្ពោធរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាអនុប្រធានសមាគមភាពយន្តកម្ពុជា បានអះអាងថា «រឿងនេះបានដាក់បញ្ចាំង ជាផ្លូវការហើយ នៅប្រទេសថៃ និងឡាវ ដោយមានចំនួនការគាំទ្រពេញចិត្ត ច្រើនពីទស្សនិកជនប្រទេសជិតខាង។ នេះគឺជារឿងទី១ សម្រាប់ផលិតកម្មមហាហង្ស ដែលបានសហការ៣ប្រទេសរួមគ្នា ថតជាខ្សែភាពយន្តខ្នាតធំ បែបនេះ។ ដោយឡែក រឿងនេះចំណាយទុនអស់ប្រហែលខ្ទង់ ប្រមាណជិត២លានដុល្លារ ជាមួយនឹងការបំពាក់ ដោយបច្ចេកទេសទំនើប កម្រិតរូបភាពច្បាស់លាស់។ ចំនែកឯទីតាំងថត សុទ្ធសឹងតែសម្រិតសម្រាំង យ៉ាងពិសេស បង្គប់ដោយអត្ថន័យបង្ហាញពីវប្បធម៌ ប្រពៃណីប្រទេសទាំង៣ អមដោយតួសម្ដែង មានទេពកោសល្យ ផងនោះ ខ្ញុំជឿជាក់ថា បងប្អូនទាំងអស់គ្នា ប្រាកដជាពេញចិត្ត និង មានស្នាមញញឹម ជានិច្ចជាប់ក្នុងបេះដូង»។
លោកបន្តទៀតថា «ម្យ៉ាងទៀត គ្រប់តួសម្ដែង ពិតជាខិតខំប្រឹងប្រែង សម្ដែងអស់ពីសមត្ថភាព មិនថាតួអង្គឯក តួអង្គក្រៅឆាក មិនឲ្យខ្វះចន្លោះទេ ពោលគឺឲ្យតែតួសម្ដែងលេចមុខ នៅក្នុងសាច់រឿង ត្រូវតែសម្ដែងឲ្យល្អ សមឥតខ្ចោះតែម្ដង។ ដូច្នេះ ខ្ញុំរំពឹងទុកថា ពេលដាក់បញ្ចាំងនៅប្រទេសកម្ពុជា នឹងទទួលបានការគាំទ្រ ព្រមទាំងមានអ្នកចូលទស្សនា យ៉ាងច្រើនកុះករ ដូចជាពេលដែលបានដាក់បញ្ចាំង នៅប្រទេសថៃ និងប្រទេសឡាវ ដូចគ្នា។ ជាពិសេស គ្រាន់តែឈុតឆាកខ្លីៗ ដែលយើងផុសនៅលើផេក របស់មហាហង្សមួយសប្ដាហ៍មាន Views ជាង១លាននាក់ ដែលនេះផលិតករ ទាំង៣ប្រទេស កម្ពុជា ថៃ ឡាវ មានជំនឿមុតមាំថា ទាក់ទាញចិត្តមហាជន សម្រាប់ឱកាសបញ្ចាំងពេញលេញខាងមុខនេះ ពោលគឺកៀកឱកាសចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ តែម្ដង»។
គួរបញ្ជាក់ថា រឿង«អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» នឹងត្រូវដាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ ខាងមុខនេះ៕