(ភ្នំពេញ)៖ ប្រជាពលរដ្ឋបន្តស្នើសុំកិច្ចអន្តរាមន៍ពីអាជ្ញាធរ មានសម្ថកិច្ចពាក់ព័ន្ធ ជាពិសេសកម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃនាយកដ្ឋានក្រសួងមហាផ្ទៃ ដើម្បីឲ្យជួយចាត់វិធានការបង្ក្រាបទីតាំងបនល្បែង «Internet» (២៤ម៉ោងលើ២៤ម៉ោង) មានផ្លាកយីហោ «MM Net» បានលួចលាក់បង្កប់ការភ្នាល់ចាក់បាល់តាមប្រព័ន្ធ (OnIine) ដ៏ធំ១កន្លែង នៅតែអាចបន្តសកម្មភាពលេងដោយសេរីយ៉ាងគគ្លើន បើទោះបីជាមានការផ្សាយរិះគន់ពីបណ្ដាញសារព័ត៌មាន យ៉ាងណាក៏គ្មានខ្លាចញញើតទាល់តែសោះ។
ទីតាំងភ្នាល់បាល់មួយនេះ ស្ថិតនៅត្រង់ចំណុចទល់មុខរោងចក្រអគ្គិសនីកម្ពុជាទី៥-ទី៦ នៅតាមបណ្ដោយផ្លូវលេខ៦៨ ខាងក្រោយ និងខាងជើងផ្សារតូចទួលសង្កែ ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ដែលបង្កឲ្យកើតមានបទល្មើសចោរកម្មជាច្រើនកើតឡើង ដូចជា៖ លួច ឆក់ ប្លន់ ជាដើម ប្រឆាំងសេចក្ដីណែនាំស្តីពីវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទូទាំងប្រទេស ដែលដាក់ចេញជាសាធារណៈដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅ។
សម្ដេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា៖ នៅកម្ពុជា ល្បែងស៊ីសងមាន២សណ្ឋាន រួមមាន៖ ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសងមិនស្របច្បាប់ ដូចនេះ មន្ត្រីកងកម្លាំងមានសមត្ថកិច្ច ទាំងអស់ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម ជាពិសេសលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងបនល្បែង បានស្នើរតាមរយៈភ្នាក់ងារសារព័ត៌មាន Fresh News សុំឲ្យអាជ្ញាធរមានសម្ថកិច្ចពាក់ព័ន្ធ ជាពិសេសកម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃនាយកដ្ឋានក្រសួងមហាផ្ទៃ ជួយចាត់វិធានការបង្ក្រាបទីតាំងបនល្បែង «Internet» (២៤ម៉ោងលើ២៤ម៉ោង) មានផ្លាកយីហោ «MM Net» បានលួចលាក់បង្កប់ការភ្នាល់ចាក់បាល់តាមប្រព័ន្ធ (OnIine) ពីព្រោះអ្វីដែលលពួកគាត់ព្រួយបារម្ភនោះ គឺបទល្មើសផ្សេងៗដែលកើតមានមួយចំនួនធំ គឺផ្ដើមចេញពីប្រភពបនល្បែងទាំងនេះ ដែលពង្វក់សិស្សសាលា មានការប្រមូលផ្ដុំដោយក្រុមបងតូច-បងធំ និងអ្នកប្រើប្រាស់គ្រឿងញៀន ភ្លេចបាយ ភ្លេចទឹក ភ្លេចសាលា និងក្បត់ទំនុកចិត្ដឪពុកម្ដាយ អាណាព្យាបាល ដោយញៀននឹងល្បែង បើទោះបីកន្លងមកលោក ជា ពីសី អភិបាលខណ្ឌ បានប្ដេជ្ញាចិត្តបង្ក្រាបឲ្យអស់នូវទីតាំងបនល្បែង ស៊ីសងគ្រប់ប្រភេទ និងបានដាក់បទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបជាញឹញាប់ក៍ដោយ តែមិនបាន៣ថ្ងៃស្រួលបួលផងទីតាំងទាំងនោះ បានបើកវិញព្រោងព្រាតដដែលជាដដែលទេ។
លោកអភិបាលខណ្ឌ ជា ពិសី ធ្លាប់បានបញ្ជាក់ផងដែរថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ សូមឲ្យអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ និងមានវិធានការបន្តតាមដាន ខ្លាំមើលបើក្នុងករណីឃើញមានទីតាំងកំពុងប្រព្រឹត្តអំពីល្បែងស៊ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីបង្ក្រាបទាន់ពេលវេលា ឲ្យស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថភាពថ្មី ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីមូលដ្ឋានទទួលបានការអភិវឌ្ឍន៍ និងកាត់បន្ថយអំពើរ ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីទីតាំងបនល្បែងស៊ីសងទាំងនោះ។
បើទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោក ជា ពិសី អភិបាលខណ្ឌ ប្រាកដជាមានវិធានការស្រាវជ្រាវបង្ក្រាបល្បែងប្រភេទ «Internet» (២៤ម៉ោងលើ២៤ម៉ោង) មានផ្លាកយីហោ «MM Net» បាននិងកំពុងលួចលាក់បង្កប់ការភ្នាល់ចាក់បាល់តាមប្រព័ន្ធ (OnIine) ដោយជ្រកក្រោមស្លាកយីហោល្បែងស្របច្បាប់ ដើម្បីឲ្យស្របទៅតាមសេចក្ដីណែនាំស្តីពីវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នូវទូទាំងប្រទេស របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញជាសាធារណៈកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ឲ្យខានតែបាន៕