(ភ្នំពេញ)៖ លោកតា លោកយាយ ជាច្រើននាក់ ក្នុងនោះមានសិស្សសាលាបឋមសិក្សាក្បាលជ្រោយសាគូរ៉ា ជិតពាន់នាក់បានទទួលអំណោយសប្បុរសធម៌ជាសម្ភារៈសិក្សា ពីសមាគមសម្ព័ន្ធនារីមូស្លីមកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នេះ។
កម្មវិធីនេះ មានការចូលរួមពីក្រុមសម្ព័ន្ធស្រលាញ់សន្តិភាព ដឹកនាំដោយ ជិន ប៊ុនធឿន លេខាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងមានវត្តមានម្ចាស់ជំនួយក្រម៉ាផងដែរដែលជាជនជាតិម៉ាឡេស៊ី ។
លោកស្រី ទៀត រ៉ ទស ( Teit Rotos ) ប្រធានសមាគមសម្ព័ន្ធនារីមូស្លីមកម្ពុជា ឬ ហីថា ខេមរា បាននិយាយថា ខ្លួនបានស្គាល់មិត្តម៉ាឡេស៊ី ហើយបានលើកឡើងពីគម្រោងធ្វើកម្មវិធីមនុស្សធម៌មួយ ដើម្បីជួយដល់សង្គមកម្ពុជាយើង បើទោះបីជាមិនធំដុំក្ដី យ៉ាងហោចណាស់ក៏អាចជួយដល់សង្គមបានមួយចំណែកផងដែរ ។
ជនជាតិម៉ាឡេស៊ី បានចាប់អារម្មណ៍ហើយសន្យាឧបត្ថម្ភនូវក្រម៉ាចំនួនមួយលានក្រម៉ា សម្រាប់ការចែកជូនស្ត្រី មូស្លីមកម្ពុជាទូទាំងប្រទេស និង ឧបត្ថម្ភសម្រាប់ជំនួយផ្សេងៗទៀតផងដែរ ។
លោកស្រីថា ប្រទេសជាតិមានសុខសន្តិភាព មានការរីកចំរើន ហើយវិស័យអប់រំក៏ឃើញមានការរីកលូតលាស់ទៅមុខជាងមុន ។ ដូច្នេះ ក្រុមការងារបានចុះមកជួបកុមារាកុមារីនេះ ដើម្បីលើកទឹកចិត្តបន្ថែមឱ្យពួកគាត់មានស្មារតី រីករាយក្នុងការសិក្សា ដើម្បីក្លាយជាទំពាំងស្នងឫស្សីយ៉ាងល្អប្រសើរ ។
លោកស្រីប្រធានសមាគម បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ពិតជាបានបើកឱកាសទូលាយដល់បងប្អូនសាសនិកឥស្លាមកម្ពុជាទាំងអស់ ឱ្យមានសិទ្ធិសេរីភាពពេញលេញ មានសិទ្ធិប្រតិបត្តិសាសនាគ្រប់យ៉ាង និង មានសិទ្ធិដូចបងប្អូនពលរដ្ឋខ្មែរផងដែរ ។
លោកស្រីថា ក្រោមម្លប់សន្តិភាព ក្រុមការងារសមាគមសម្ព័ន្ធនារីមូស្លីមកម្ពុជា នឹងនៅតែបន្តសកម្មភាពខ្លួនតទៀត ដើម្បីស្នើជំនួយពីមិត្តបរទេសជាឥស្លាម ដើម្បីជួយសហការគ្នា ជួយដល់សង្គមនៃយើង តាមដែលអាចធ្វើបាន ហើយទិសដៅបន្តទៀត និងគម្រោងបន្តជួយ បានរៀបចំរួចជាស្រេច ក្នុងគោលដៅចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍប្រទេសជាតិយើង សង្គមយើង និង លើកស្ទួយវិស័យអប់រំឱ្យបានល្អប្រសើរទៅមុខជាលំដាប់
តាមការសង្កេតឃើញថា ក្នុងកម្មវិធីនេះ កុមារា កុមារី លោកតា លោកយាយ បានបង្ហាញនូវសំណើច ក្នុងន័យរីករាយ អំពីសកម្មភាពដ៏ល្អប្រសើរនេះ៕