(កំពង់ស្ពឺ)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុនសែន នាយរដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃសៅរ៍១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ឆ្លងសមិទ្ធិផលនានាក្នុងវត្តធម្មគិរី ស្ថិតនៅភូមិ បេង ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនា ក៏ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរសប្បាយ។
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់ថា ការរីកចម្រើនទាំងនេះ ដោយសារតែការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ ខណៈប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ពេញលេញ។ ដោយមានការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ដ្រីនៃព្រះកម្ពុជា ។ សុខសន្តិភាពទាំងនេះជាតម្លៃដែល បានផ្តល់ឲ្យយើងមានឱកាសបញ្ជូនកូនចៅ ទៅសាលារៀន ដើម្បីសិក្សារៀនសូត្រ ចាប់ពីមតេយ្យរហូតដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធារ ដោយ ស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ ក៏មានការរីចម្រើន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ជាមួយផ្លូវជាតិ គ្រប់តំបន់ស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់ កាលទី៣របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ។
លោកស្រីក៏បានថ្លែងនូវការសរសើរ ទាំងបុព្វជិតទាំងគ្រហស្ថ ដែលខិតខំប្រណិបត្តិខ្លួនឯងផង ជួយអប់រំពុទ្ធបរិស័ទផង សមស្របតាមលំអានខ្លឹមសារក្នុង ព្រះត្រៃបិដក ដែលជាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ។ ទន្ទឹមនេះជនរួមជាតិខិតខំសំអាតកាយវាចា ជម្រះនូវសេចក្តី សៅហ្មងទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ ដែល មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ។
លោក វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺ ក៏បា អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ មិនត្រូវជឿតាមការញុះញង់របស់គណបក្ស ប្រឆាំង ឬពួកអគតិមួយចំនួនដែលចូលចិត្តបំភ្លៃការពិត និងតែងតែរារាំង ដល់ការអភិវឌ្ឍ របស់ប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមថែរក្សាសមិទ្ធផលនៅទីនេះឱ្យបានល្អប្រសើរសម្រាប់ទុកជាទីកន្លែងសិក្សា និងស្រាវជ្រាវដល់អ្នកជំនាន់ក្រោយៗទៀត។ មានថ្នាក់ដឹកនាំល្អ ប្រទេសជាតិមានការីកចម្រើន មិនចេះភូតភរ កុហកបោកប្រាស់ និងមានសម្ថតភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ។
សូមបញ្ជាក់ថា សមិទ្ធផលនានា ក្នុងវត្តធម្មគិរី ស្ថិតនៅភូមិបេង ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះ កើត ចេញពីការផ្ដួចផ្ដើមគំនិតកសាងឡើងទុក្ខសម្រាប់បម្រើឲ្យវិស័ព្រះពុទ្ធសាសនា ដែលបានចូលរួមជាថវិកា ពីពុទ្ធបរិស័ទ និងគណៈកម្មាធិការ ព្រះសង្ឃ ដោយចំណាយថវិកាសរុបអស់ប្រមាណជាង៧៥ម៉ឺនដុល្លារអាមេរិក ។ សមិទ្ធផល នោះរួមមាន ព្រះវិហារ,កុដិ១ខ្នង, សាលាឆាន់១ខ្នង សាលាធម្មសភា១ខ្នង, ស្រះទឹក២កន្លែង, បង់អង្គុយលេងចំនួន១២ ផ្លូវចូលវត្ដចាក់បេតុងប្រវែង២០០ម៉ែត្រ, ប្រាសាទព្រះបារមីមេទ័ពឃ្លាំងមឿង, អាស្រមនាងគង្ហីងព្រះធរណី និងការិយាល័យសម្រាប់គណៈកម្មាធិការ១ខ្នង៕