(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ មន្ត្រីគយចល័ត នៃការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចាប់បានរថយន្តចង្កូតស្តាំ ប្រភេទ Toyota Vios ឆ្នាំ២០១៥ ពណ៌ស គ្មានពន្ធ១គ្រឿង នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត។
លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានថ្លែងប្រាប់នាថ្ងៃទី១៧ ខែមីនានេះថា មន្ត្រីគយចល័យរបស់យើង ដែលមានលោក សាំង ណន ជាអនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទទួលបន្ទុកបង្ក្រាបបទល្មើសគេចពន្ធ (ចល័ត) បានតាមប្រមាញ់នៅរថយន្តទំនើបៗ ដែលបានឈ្មួញខិលខូចលួចនាំ យកតាមច្រករបៀង ឬតាមទីតាំងណាមួយរបស់ពួកគេ។
លោកបន្តថា បញ្ហាខាងលើនេះ គឺកម្លាំងមន្ត្រីជំនាញបានត្រួតពិនិត្យ រថយន្តចង្កូតស្តាំនាំចូលតាមច្រករបៀង ដែរបង្កឲ្យបាត់បង់ចំណូលពន្ធ ហើយក្នុងឆ្នាំនេះដែរ គឺសង្កេតឃើញថា ក្រុមឈ្មួញអាជីវកបានយល់បញ្ហាបង់ពន្ធចូល ហើយពុំសូវមានលួចនាំយករថយន្តចង្កូតស្តាំគេចពន្ធទៀតដែរ។ ដូច្នេះហើយមន្ត្រីជំនាញយើងនៅតែបន្តការត្រួតពិនិត្យបន្ថែមទៀត និងឈានដល់ការអនុវត្តឲ្យបាន ១០០ភាគរយ។
ចំពោះរថយន្តទំនើបខាងលើនេះ ត្រូវបានមន្ត្រីជំនាញបញ្ជូនទៅកាន់ស្នាក់ការសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ រង់ចាំម្ចាស់ចូលខ្លួនបង់ពន្ធ ដើម្បីបំពេញពាក់ព័ន្ធតាមផ្លូវច្បាប់៕