(ភ្នំពេញ)៖ ក្រុមហ៊ុន Property Guru International ដែលមានមូលដ្ឋាននៅសិង្ហបុរី បានរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ីឆ្នាំ២០១៨ ជាព្រឹត្តិការណ៍​ធំ​បំផុត​សម្រាប់​វិស័យ​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា នឹងរៀបចំឡើងនៅ​សណ្ឋាគារ សូហ្វីតែល ក្រោមអធិបតីភាព លោកបណ្ឌិត ប៉ែន ​សុផល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី​​ នគរូបនីយកម្ម និងសំណង់ និងអ្នកចូលរួមពី ក្រុមហ៊ុនអចលនទ្រព្យល្បីៗផ្សេងៗទៀត កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ។

សម្រាប់​កម្ពុជា គណៈកម្មការ​ដែល​ចូលរួម​វាយ​តម្លៃ​មាន​ដូចជា លោក សន សៀប អគ្គនាយក​ក្រុមហ៊ុន Key Real Estate Co., Ltd, លោក Simon Griffiths នាយក​ក្រុមហ៊ុន Urban Assets Solutions, លោក David Littlejohn ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​របស់ Comin Khmere, លោក Michel Cassagnes នាយក Archetype Cambodia, លោក Sok Siphana មក​ពី SokSiphana&associates, លោក Ross Wheble នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd, អ្នកនាង Thida Ann នាយក CBRE Cambodia និង លោកស្រី Grace Rachny Fong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Cambodia។

ពាន​រង្វាន់ដែលបានដាក់ក្នុងការប្រកួតប្រចាំឆ្នាំ២០១៨នេះទាំងអស់ មាន​​ជាង ២៦ប្រភេទផ្សេងៗគ្នា។ ក្នុងនោះបុរី ប៉េង ហួត គ្រុប ទទួលបាន១៦ប្រភេទ ក្នុងបញ្ជីជម្រើសដំបូង ដែលមានចំនួនច្រើនជាងក្រុមហ៊ុនអភិវឌ្ឍផ្សេងទៀត។

ក្នុងការប្រកួតប្រជែងយកពានរង្វាន់អចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុន ​បុរី ប៉េង ហួត គ្រុប លេចធ្លោជាងគេដោយទទួលបានពានរង្វាន់ធំ៣ឆ្នាំជាប់ៗគ្នា គឺ «ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេប្រចាំឆ្នាំ២០១៨ និងពានរង្វាន់ចំនួន៦ទៀតដូចជា៖
*ពានរង្វាន់ឌីហ្សាញស្ថាបត្យកម្មទេសភាព គម្រោងលក់រាយដែលល្អជាងគេ
*ពានរង្វាន់ឌីហ្សាញផ្នែកក្នុងរបស់លំនៅឋានដែលល្អជាងគេ
*ពានរង្វាន់ឌីហ្សាញផ្នែកក្នុងរបស់ខុនដូដែលល្អជាងគេ
*ពានរង្វាន់អភិវឌ្ឍខុនដូតម្លៃសមរម្យដែលល្អជាងគេ
*ពានរង្វាន់គម្រោងអភិវឌ្ឍចំរុះដែលល្អជាងគេ
*ពានរង្វាន់ទទួលស្គាល់ពិសេសក្នុងទំនួលខុសត្រូវសង្គម

លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានថ្លែងថា «ខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលថ្ងៃនេះ បុរី ប៉េង ហួត គ្រុប ឈ្នះពានរង្វាន់ដល់ទៅ ៧​រង្វាន់ ជាពិសេស ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេប្រចាំឆ្នាំ២០១៨ ហើយក៏ជាជ័យជំនះ៣ឆ្នាំជាប់ៗគ្នា ។យើងសូមអរគុណដល់សហការីទាំងអស់ ពិសេស អតិថិជនរបស់បុរី ប៉េង ហួត គ្រុប ដែលតែងតែគាំទ្ររហូតមក ហើយសង្ឃឹមថាអតិថិជននៅតែបន្តគាំទ្រ បុរី ប៉េង ហួត គ្រុប រហូតទៅ។ បុរី ប៉េង ហួត គ្រុប នឹងប្តេជ្ញាចិត្តថានឹងនាំមកនូវផលិផលផ្ទះបែបប្រណិត និងថ្មីទំនើប បែបអរិយប្រទេស មកដល់ប្រទេសកម្ពុជាយើង។ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ​មានការប្តេជ្ញាចិត្តថា កូនខ្មែរក៏អាចធ្វើបានដែរ​» ។

បុរី ប៉េង ហួត ​គ្រុប ត្រូវបានគេទទួលស្គាល់ទូទាំងតំបន់អាស៊ីថាជា ​ក្រុមហ៊ុន​មួយ​ដែល​ធ្វើឲ្យ​វិស័យ​សំណង់​លំនៅឋាន​នៅ​កម្ពុជា​មានការអភិវឌ្ឍទាំង គុណភាពសំណង់ និង ការច្នៃប្រឌិតខ្ពស់ ក្នុងការផ្តល់នូវភាពឥតខ្ចោះ និងផាសុកភាពដល់ការរស់នៅរបស់អតិថិជន ព្រមទាំងជាគម្រោងមួយដែលគិតគូរពីបរិស្ថានធម្មជាតិ ៕