(ព្រះវិហារ)៖ ពីខេត្តព្រះវិហារ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវការពារតម្លៃសុខសន្តិភាព ដែលមាននាបច្ចុប្បន្ននេះឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជា ចូលរួមថែរក្សា សមិទ្ធផលនានា ក្នុងសង្គមជាតិការពារបូរណភាពទឹកដី តំបន់ព្រំដែនជាមួយប្រទេសជិតខាង ប្រែកា្លយឱ្យទៅជាតំបន់សន្តិភាពមិត្តភាព និងការអភិវឌ្ឍ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់បែបនេះ នៅពិធីសម្ពោធសាលាធម្មសភាក្នុងវត្តទួលអណ្ដែត ស្ថិតនៅក្នុងភូមិសង្គមថ្មី ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា សន្តិភាពនាបច្ចុប្បន្ននេះ មានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន និងជាគុណបំណាច់ដ៏ធំធេងរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។
សមិទ្ធផលសន្តិភាពដ៏ធំធេងនេះ កើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ នៃការកសាង និងអភិវឌ្ឍប្រទេសរីកចម្រើន និងការរស់នៅយ៉ាងសុខសាន្តរបស់ប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ននេះ។
ដោយសារកត្តាប្រទេសជាតិយើង មានសុខសន្តិភាពស្ថិរភាពនយោបាយ បានបង្កលក្ខណៈងាយស្រួលដល់ការកសាងសមិទ្ធផលនានាជាច្រើន សម្រាប់សង្គមជាតិទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ជាក់ស្ដែងផ្លូវមកកាន់ខេត្តព្រះវិហារ បច្ចុប្បន្នងាយស្រួលធ្វើដំណើរ។ សមិទ្ធផលនានាដែលមាននាពេលសព្វថ្ងៃនេះកើតឡើង ដោយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីបាតដៃទទេរ រហូតដល់មានធ្វីៗគ្រប់បែបយ៉ាង មានការរីកចំរើនជាលំដាប់មាន វត្តអារាមមន្ទីរពេទ្យសាលារៀនស្ពានផ្លូវលំថ្នល់ មានសំណង់អគារខ្ពស់ៗ ស្ពានអាកាសខ្វាត់ខ្វែងឆ្លងកាត់ទន្លេតភ្ជាប់ព្រំដែន ជាសរសៃឈាមសេដ្ឋកិច្ចនៅទូទាំងប្រទេស។
ដោយមើលឃើញកម្ពុជា មានសុខសន្តិភាពសុវត្ថិភាពស្ថិរភាពនយោបាយធ្វើឱ្យមានអ្នកវិនិយោគិនបរទេសមកបណ្ដាក់ទុនវិនិយោគ ជាបន្តបន្ទាប់លើគ្រប់វិស័យ និងមានកំណើនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាព្រះរាជាណាចក្រកម្ពុជា។ នាយឧត្តមសេនីយ៍ ក៏បានជំរាបជូនពីសភាពការណ៍វិវត្តន៍របស់ប្រទេសជាតិ និងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រា្តលី។ ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី រដ្ឋាភិបាលអូស្រ្តាលី បានផ្ដល់ជំនួយដល់កម្ពុជា៨៧លានដុល្លារ សម្រាប់បន្តកសាង និងអភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះទង្វើទណ្ឌិត សម រង្ស៊ី ដែលបានលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីនៃព្រះរាជាណា ចក្រកម្ពុជាចំនួន៤ខេត្ត ទៅឲ្យជនជាតិភាគតិចវៀតណាម និងប្រកាសគាំទ្រនូវការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជាជារៀងរហូត។
លោក ជា គឺមសេង អភិបាលស្រុកជាំក្សាន្ត បានឱ្យដឹងថា វត្តទួលអណ្ដែតមានវ័យចំណាស់ត្រូវបានកសាងឡើងក្នុងអំឡុងឆ្នាំ១៨៩០ មានអាយុកាលប្រមាណ១២៨ឆ្នាំ។ បច្ចុប្បន្នវត្តមានការរីកចំរើនគួរកត់សម្គាល់ សមិទ្ធផលដែលបានកសាងតាំងពីឆ្នាំ២០១០ រួមមានរូបសំណាកព្រះពុទ្ធរូប បង្គោលភ្លើង អាងទឹក បង្គន់អនាម័យ ជួសជុលព្រះវិហារ និងសាលាធម្មសភាចំណាយថវិការជិត២ពាន់លានរៀល។
ថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់សមិទ្ធផលជូនប្រជាពលរដ្ឋ ក្នុងស្រុកជាំក្សាន្តនូវអគារសិក្សា៣សាលា មាន៤២បន្ទប់ អគារទីចាត់ការ៣ខ្នង មាន៩បន្ទប់ ផ្ទះសំណាក់គ្រូបង្រៀន១ខ្នង១០បន្ទប់ ចាក់ដីបំពេញទីធ្លាតារាងបាល់បោះ បាល់ទាត់ ចាក់ផ្លូវបេតុងកសាងរបងជួសជុល សាលារៀនចាស់១ខ្នង៦បន្ទប់។
ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិការក្រណាត់សជូនយាយជីតាជី ថវិកា ដល់សាលាស្រុកលោកគ្រូ អ្នកគ្រូ ក្រុមកាយរិទ្ធិយុវជន យុវជនកាកបាទក្រហម ក្រុមប្រឹក្សាឃុំអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធសឹករង។ ប្រគេនបច្ច័យវត្ត10000$ ដុល្លារអាមេរិក ឧបត្ថម្ភអាយកូម30គ្រឿង ឲ្យប្រជាការពារឃុំទឹកក្រហម ឧបត្ថម្ភកងពលធំលេខ៣ កងពលតូចលេខ ៧ ៨ ៩ និងសាលាស្រុកជាំក្សាន្ត នូវកុំព្យូទ័រមួយគ្រឿងនិងព្រីនធើមួយគ្រឿង៕