(កណ្ដាល)៖ បុរសម្នាក់ត្រូវបានឃាតកដៃឆៅលើដៃប្រហារ ដោយយកកាំបិតកាប់ចំកញ្ចឹងក ពេលកំពុងជិះម៉ូតូតាមផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមតែម្ដង នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចលើចិញ្ចើមផ្លូវជាតិលេខ២១ ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
មន្ដ្រីនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេក ភាព អាយុ២០ឆ្នាំ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ មុខរបរ កម្មករបើកម៉ូតូលក់ទឹកកក។ ដោយឡែក ជនដៃដល់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះបានរត់គេចខ្លួនក្រោយពេលធ្វើសកម្មភាព។
ប្រភពខាងលើបានរៀបរាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1DH-2039 តែម្នាក់ឯងចេញពីផ្ទះទៅលេងបុណ្យ បញ្ចុះខណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ។
លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះ ចេក ភាព ជិះម៉ូតូចេញពីវត្តត្រឡប់មកផ្ទះវិញដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិ២១ចំហៀងខាងកើត ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកញ្ចឹងក ពីក្រោយចំហៀងខាងឆ្វេងជម្រៅដល់ឆ្អឺង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។
ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកនាំដោយលោកអធិការ សហការជាមួយជំនាញខេត្ត និងប៉ុស្ដិ៍រដ្ឋបាលសំពៅពូន បានចុះដល់កន្លែងកើតហេតុ រួចធ្វើការហ៊ុមព័ទ្ធ និងបានធ្វើការសាកសួរស្រាវជ្រាវពិនិត្យវិភាគកន្លែងកើតហេតុដើម្បីកំណត់រកមុខសញ្ញាជនសង្ស័យ៕