(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃសៅរ៍ទី១៧ ខែមីនា ឆ្នាំ២០១៨ ព្រះមហា តែម ម៉ាច តំណាងព្រះទេវត្ថា ពឿយ មេត្តា បាននាំមន្ត្រីសង្ឃ និងពុទ្ធបរស័ទ និមន្តត្រឡប់ពីបុណ្យបញ្ចុះខណ្ឌសីមា នៅឯវត្តខ្មែរលុម្ពិនី ជាទីព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រ នៃដែនដីពុទ្ធភូមិ ក្នុងប្រទេសនេប៉ាល់ បានមកដល់មាតុភូមិវិញ ប្រកបដោយព្រះសុវត្ថិភាព និងដោយជោគជ័យយ៉ាងធំធេង។
នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រះមហា តែម ម៉ាច តំណាងព្រះទេវសត្ថា ពឿយ មេត្តា ក៏បានមានថេរដិកាថ្លែងអំណរព្រះគុណ និងអរគុណគណៈប្រតិភូ ដែលតំណាងដោយលោក ហ៊ុន ណេង សមាជិករដ្ឋសភា ព្រមទាំងពុទ្ធបរិស័ទចូលរួមបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ នៅវត្តខ្មែរលុម្ពិនី ភូមិលុម្ពិនី ស្រុករូបប៉ិនដេល្លី ភាគខាងត្បូង នៃប្រទេសនេប៉ាល់ តាមសទ្ឋាជ្រះថ្លាឲ្យបានច្រើនកុះករ ទទួលបានកុសលផលបុណ្យនេះ ជាមហាកិត្តិយស ដែលមានវត្តខ្មែរយើងនៅទីនោះ។
ព្រះមហា តែម ម៉ាច មានថេរដិកាថា ក្នុងពិធីបុណ្យនោះ ក៏មានតំណាងរដ្ឋាភិបាល នៃប្រទេសនេប៉ាល់ មកចូលរួមជាមួយលោក ហ៊ុន ណេង ផងដែរ។
ជាមួយគ្នានេះ ព្រះមហា តែម ម៉ាច ក៏បាលថ្វាយកុសលផលបុណ្យសម្តេចព្រះសង្ឃរាជទាំង២គណៈ ថ្វាយព្រះពរដល់ព្រះករុណា និងជូនពរដល់នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលផលបុណ្យ នៃបុណ្យបញ្ចុះខណ្ឌសីមា សូមមានសុខភាពល្អ និងប្រាថ្នាអ្វីៗសូមសម្រេចបានក្តីប្រាថ្នា។
ព្រះអង្គមហា តែម ម៉ាច បានមានថេរដិកាបញ្ជាក់ថា ក្នុងដំណើរធម្មយាត្រាបុណ្យបញ្ចុះខណ្ឌសីមា វេរប្រគេន បច្ច័យរួចមក ពុទ្ធបរិស័ទដោយក្តីជ្រះថ្លាសប្បាយ នៃផលបុណ្យនេះ ព្រះអង្គ និងពុទ្ធបរិស័ទញាតិញោម ក៏បាននិមន្ត និងបន្តដំណើរ ទស្សនាវត្តទាំង៨ ក្នុងការបំពេញបុណ្យ។
គួររំលឹកដែរថា កម្មវិធីបុណ្យប្រារព្ឋធ្វើ ៤ថ្ងៃ ៣យប់ កាលពីថ្ងៃ១២-១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦-២៨ ខែកុម្ភ: គ.ស ២០១៨។ ក្នុងការរៀបចំបុណ្យបញ្ចុះសីមានេះ មានការអញ្ជើញជាអធិបតី ពីលោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
សូមបញ្ជាក់ផងដែរថា វត្តខ្មែរនៅក្នុងប្រទេសនេប៉ាល់ និងប្រទេសឥណ្ឌានេះ ដឹកនាំកសាងដោយ ព្រះតេជគុណ ពឿយ មេត្តា ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទជាច្រើនទៀត ចាប់តាំងពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០០៤មក ដោយចំណាយថវិកាអស់ប្រមាណជាង៩លានដុល្លារ៕