(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងថា រហូតមកដល់ពេលនេះ ជនសង្ស័យចំនួន០៨នាក់ផ្សេងទៀត បាននិងកំពុងរត់គេចខ្លួន ពាក់ព័ន្ធការបង្កអំពើហិង្សា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ទៅលើអ្នកបើករថយន្ដ កាលពីពេលថ្មីៗនេះ។ ជនល្មើសទាំង០៨នាក់ ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ និងស្គាល់សាវតាអស់ហើយ ព្រមទាំងមានដីកាបញ្ជាឲ្យចាប់ខ្លួនពីសំណាក់តុលាការទៀតផង។
បើតាមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ជនល្មើសដែលសមត្ថកិច្ចរបស់លោកកំណត់អត្ដសញ្ញាណ ពាក់ព័ន្ធការប្រើអំពើហិង្សាទៅលើអ្នកបើករថយន្ដ គឺមានរហូតទៅដល់១១នាក់ ក្នុងនោះ ជនដៃដល់ដែលខ្លាំងជាងគេមានចំនួន០៥នាក់ បាននិងកំពុងរត់គេចខ្លួន។ សម្រាប់ជនសង្ស័យ០៣នាក់ដំបូង ដែលត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់នោះ ត្រូវបានបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១៧ ខែមីនានេះ ក្រោយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈកាលពីថ្ងៃម្សិលមិញ។
នៅព្រឹកថ្ងៃដដែលនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានបន្ដផ្ញើសារជូនសាធារណៈជនទាំងក្នុង និងក្រៅប្រទេសបន្ថែមទៀត ពាក់ព័ន្ធទៅនឹងករណីនេះ ដោយនាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងច្បាស់ថា ជនល្មើសដែលប្រព្រឹត្តទោសកំហុស នឹងមិនអាចរួចខ្លួននោះឡើយ ពោលត្រូវតាមចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមនីតិវិធី ពីព្រោះកម្ពុជាជាប្រទេសនីតិរដ្ឋដោយគ្មានជនណាម្នាក់ រស់នៅក្រៅសំណាញ់ច្បាប់នោះឡើយ។
នាយឧត្តមសេនីយ៍ស្នងការ ក៏បានច្រានចោលនូវមតិរិះគន់មួយចំនួន ដែលបានលើកឡើងថា មានការបង្កើតមនុស្សមួយក្រុមចាំតែបង្កអំពើហិង្សា នៅពេលហេតុការណ៍ណាមួយកើតឡើង នៅតាមទីសាធារណៈ ដោយនាយឧត្តមសេនីយ៍ចាត់ទុកថា គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន ហើយករណីដែលកើតឡើងកន្លងទៅនេះ គឺអ្នកចូលរួមបានទទួលព័ត៌មានដោយការកំហឹងឭតគ្នា គ្មានប្រភពច្បាស់លាស់ ពោលមិនមែនជាការចាត់តាំង ហើយក៏មិនមែនជាការបង្កើតក្រុមបក្ខពួក បង្កើតឡើងធ្វើសកម្មភាពនោះទេ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងហេតុការណ៍បង្កអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងអំពើបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃលើ លោកសាស្ដ្រចារ្យបណ្ឌិត ស៊ុយ សារ៉េត កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត នៅទូទាំងប្រទេស ធ្វើការស្រាវជ្រាវជនល្មើសដែលបានប្រព្រឹត្តបទល្មើស ជាលទ្ធផលយើងឃាត់ខ្លួនបានចំនួន០៣នាក់ បញ្ជូនទៅតុលាការ។
តាមចម្លើយសារភាពយើងអាចកំណត់បានច្បាស់អំពីមូលហេតុដែលនាំឲ្យកើតមានអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងអំពើបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃនេះ គឺកើតឡើងអំពីកំហឹងការឭបន្ដគ្នា គ្មានប្រភពច្បាស់លាស់ និងចរិតលក្ខណៈរបស់បុគ្គលដែលប្រព្រឹត្តបទល្មើស មិនមែនជាការចាត់តាំង ហើយក៏មិនមែនជាការបង្កើតក្រុមបក្ខពួក ដើម្បីធ្វើសកម្មភាពនោះទេ។
ផ្អែកលើឯកសារដែលបានកសាងសំណុំរឿងត្រឹមត្រូវច្បាស់លាស់តាមនីតិវិធីច្បាប់ យើងទទួលបានដីកាស្វែងរកចាប់ខ្លួនជនដៃដល់ ដែលធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងហេតុការណ៍នេះចំនួន០៥នាក់ទៀត (ខ្លាំងជាងគេ) ហើយក្នុងពលេនេះកំពុងរត់គេចខ្លួន។ ទោះជាខិតខំរត់គេចខ្លួនយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចមិនលើកលែងឡើយ ហើយក៏មិនអាចគេចខ្លួនរួចមួយជិវិតបានឡើយ ដូចនេះគួរចូលខ្លួនទទួលខុសត្រូវចំពោះមុខច្បាប់ដើម្បីទទួលបានស្ថានសំរាល អំពីការភ្ញាក់រលឹកទទួលកំហុសដែលច្បាប់នឹងបន្ធូរបន្ថយទោសដើម្បីកែប្រែខ្លួន។
សិក្សាជុំវិញហេតុការណ៍ដែលបានកើតឡើង គួរឲ្យសោកស្ដាយនេះ ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខ្ញុំសូមអំពាវនាវជូនប្រជាពលរដ្ឋយើងទាំងអស់ សូមមេត្ដាចូលរួមគោរពអនុវត្តច្បាប់ ដែលព្រះរាជាណាចក្រកម្ពុជាយើងជានីតិរដ្ឋ ដើម្បីបញ្ជៀសឲ្យផុតការប្រឈមមុខច្បាប់៖
ច្បាប់ចរាចរណ៍ផ្លូវគោកជនណាបើកបរធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកដទៃរងរបួស អសមត្ថភាពស្មើនឹងមិនលើសពី០៨ថ្ងៃ ការរត់គេចខ្លួន ពីកន្លែងកើតហេតុក្នុងគោលបំណងគេចពីការទទួលខុសត្រូវ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ដល់០៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ដល់១៥លានរៀល។
*មាត្រា៤១០, ៤១១ និង៤១២ នៃក្រមព្រហ្មទណ្ឌ បទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០៦ខែ ទៅ០៥ឆ្នាំ តាមស្ថានទម្ងន់ទោសជាក់ស្ដែង។
*មាត្រា១៩៩ បទឃាតកម្មនៃក្រមព្រហ្មទណ្ឌ អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធមានស្ថានទម្ងន់ មិនប្រើអាវុធស្ថានទម្ងន់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ១៥ឆ្នាំ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកសាស្ដ្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ដែលជាគ្រូបង្រៀន នៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានមនុស្សមួយក្រុម ខ្លះប្រដាប់ដោយដុំថ្មធំៗ ឈើ ព្រួតវាយរងរបួសយ៉ាងធ្ងន់ធ្ងរ ហូរឈាមឡើងជោគអាវ និងបំផ្លាញរថយន្ដខូចខាតយ៉ាងខ្លាំង ព្រោះតែខឹងលោកបើករថយន្ដបុករះនៅតាមផ្លូវ។ ជាមួយគ្នានេះ បើតាមការសាកសួរជាជំហ៊ានដំបូង នៅក្នុងព្រឹត្តិការណ៍កាលពីម្សិលមិញនេះ លោក ស៊ុយ សារ៉េត បានបាត់បង់ថវិកាជិត៣០០០ដុល្លារ និងទូរស័ព្ទចំនួន២គ្រឿងផងដែរ៕