(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ បានប្រកាសថា មហាមិត្តចិនគឺជាជញ្ចាំងបង្អែកដ៏រឹងមាំមួយ របស់ប្រទេសកម្ពុជា នៅក្នុងការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ការប្រកាសរបស់ មេបញ្ជាការជាន់ខ្ពស់របស់កម្ពុជា បានធ្វើឡើង នៅក្នុងពិធីបើកសមយុទ្ធនាគមាសរួមគ្នា រវាងកម្ពុជា-ចិន ឆ្នាំ២០១៨ ដែលធ្វើឡើងនៅភូមិសាស្ដ្រតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ដែលក្នុងអំឡុងពេល នៃសមយុទ្ធនេះ រដ្ឋាភិបាលចិន បានចូលរួមឧបត្ថម្ភនូវសម្ភារៈជាច្រើនដល់កម្ពុជាផងដែរ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិការជាច្រើនរបស់មហាមិត្តចិន បាននិងកំពុងធ្វើឱ្យកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជាជញ្ចាំងបង្អែកដ៏រឹងមាំ ធ្វើឱ្យកម្ពុជាមានជំហរម៉ឺងម៉ាត់ ក្នុងការបន្តកិច្ចការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ និងគោលនយោបាយជាតិនិយមដ៏ត្រឹមត្រូវ ដែលជាលក្ខខណ្ឌអំណោយផលដើម្បីបន្តឈរលើមាគ៌ាអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ»។
ប្រទេសកម្ពុជា-ចិន បានចាប់ផ្តើមភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ នៅក្នុងសម័យសង្គមរាស្រ្តនិយម ដែលរហូតដល់ឆ្នាំ២០១៨នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ដើម្បីអបអរសាទខួបអនុស្សាវរីលើកទី៦០ឆ្នាំនេះ កម្ពុជា-ចិន បានរៀបចំសមយុទ្ធទ្រង់ទ្រាយធំមួយ នៅក្នុងទឹកដីកម្ពុជា។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់ទៀតថា សមយុទ្ធនេះ ក៏ជំរុញឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងការមនុស្សធម៌រវាងកងទ័ពកម្ពុជា-ចិន និងចូលរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូ ក្នុងកិច្ចសហប្រតិបត្តិការណ៍យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនផងដែរ។
លោក ប៉ុល សារឿន បានបន្តទៀតថា ក្នុងវិស័យយោធា ភាគីចិនបានជួយឧបត្ថម្ភជាច្រើនទាំងសម្ភារៈ និងថវិកា ដើម្បីឱ្យកងយោធពលខេមរភូមិន្ទ មានលទ្ធភាពក្នុងការកសាងពង្រឹងសមត្ថភាពរបស់ខ្លួន សម្រាប់បម្រើឱ្យកិច្ចការពារជាតិ។ ទន្ទឹមនឹងនេះដែរ មិត្តចិនបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ ដល់វិស័យហ្វឹកហ្វឺនបណ្តុះបណ្តាល ក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សវ័យក្មេង ឱ្យក្លាយជាមូលធនមនុស្ស ប្រកបដោយសក្តានុពល សម្រាប់បន្តវេនក្នុងកងយោធពលខេមរភូមិន្ទ។
កម្ពុជា ត្រូវបានធ្វើទស្សនកិច្ចដោយមេដឹកនាំកំពូលចិនជាបន្តបន្ទាប់។ លោក ស៊ី ជិនពីង ប្រធាននាធិបតីចិន បានធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៦ ដែលបាននាំឱ្យប្រទេសទាំងពីរចុះហត្ថលេខាលើឯកសារយ៉ាងតិច ២៨ជាមួយគ្នា។ ជាមួយគ្នានេះ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ក៏បានបំពេញទស្សនកិច្ចនៅកម្ពុជា នៅខែមករា ឆ្នាំ២០១៨ ផងដែរ ដែលបានចុះហត្ថលេខាលើឯកសារចំនួន១៩ ដែលសុទ្ធសឹងតែផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រទេសកម្ពុជា។
ចិន ក្រៅពីជួយផ្តល់ហិរញ្ញប្បទាន ជំនួយ ចិនក៏បានប្រកាសជំហរគាំទ្រដល់នយោបាយនានារបស់កម្ពុជាផងដែរ។ កាលពីចុងឆ្នាំ២០១៧ កន្លងទៅនេះ ចិនបានបង្ហាញជំហរគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់នានា របស់រដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិភាព និងការអភិវឌ្ឍ នៅក្នុងប្រទេស។
ក្នុងពិធីបើកសមយុទ្ធនាគមាសទ្រង់ទ្រាយធំ ដែលមានភាគីចិនតំណាងដោយ ឧត្តមសេនីយ៍ទោ Zhang Jian មេបញ្ជាការកងទ័ពជើងគោកតំបន់ខាងត្បូងតំណាងកងទ័ពរំដោះប្រជាជនចិននោះ, លោកអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា តំណាងឱ្យកងទ័ពខ្មែរ បានថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ម្តងហើយម្តងទៀត។
លោកបានអះអាងទៀតថា ភស្តុតាងទាំងអស់នេះ គឺជាសមិទ្ធផលយ៉ាងត្រចះត្រចង់ ដែលបានផ្តើមចេញពីចំណងមិត្តភាព សាមគ្គីភាព មេត្រីភាព ឈានដល់កម្រិតកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានប្រកាសដាក់ចេញ និងប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកបានបញ្ជាក់ទៀតថា ឆ្លើយតបនឹងសកម្មភាពដ៏ឧត្តុងឧត្តមនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវ «នយោបាយចិនតែមួយ» ដែលជាសក្ខីកម្មដ៏ពិសិដ្ឋនៃចំណងមេត្រីភាពដ៏យូរអង្វែង និងអមតៈរវាងកម្ពុជា-ចិន៕