(ភ្នំពេញ)៖ លោក ឈួន ដារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជា និងចិន បានដាក់ចេញផែនការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យបាន៦ពាន់លានដុល្លារអាមេរិក ក្រោយពីប្រទេសទាំងពីរ បានសម្រេចលើសផែនការក្នុងឆ្នាំ២០១៧ ហើយក៏ជាការទទួលលទ្ធផលល្អមួយសម្រាប់កម្ពុជា ក្នុងការសហការជាមួយមហាមិត្តចិន។
ការថ្លែងបញ្ជាក់របស់លោក ឈួន ដារា ធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក្នុងកម្មវិធី «ពិព័រណ៌ចំរុះអន្តរជាតិកម្ពុជាលើកដំបូង» នៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ។
លោក ឈួន ដារា បានគូសបញ្ជាក់ថា «សម្រាប់ក្នុងឆ្នាំ ២០១៨នេះ រហូតដល់ឆ្នាំ២០២០ រាជរដ្ឋាភិបាលយើងដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជិនពីង លោកទាំងពីរ បានដាក់ផែនការសម្រាប់ទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ ចំនួន៦ពាន់លានដុល្លារអាមេរិក»។
លោកថា «បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើន មកបណ្តាក់ទុកក្នុងប្រទេសកម្ពុជាយើង ខណៈការមកវិនិយោគកាន់តែច្រើន គឺមានផលវិជ្ជមានដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសយើងកាន់តែដើរ ទី១៖ គឺយើងមានប្រាក់ចំណូល ពីការយកពន្ធពីអ្នករកស៊ី ទី២៖ ប្រជាពលរដ្ឋរបស់យើងមានការងារធ្វើ ទី៣៖ អ្នកដែលរួមចំណែកក្នុងការងារដែលពាក់ព័ន្ធនឹងវិស័យរកស៊ីនេះ គឺគាត់អាចបានផលប្រយោជន៍ច្រើន បើនិយាយទៅគឺ បានផលប្រយោជន៍ទាំងអស់គ្នា មិនថាប្រទេសណានោះទេ ឲ្យចូលមកវិនិយោគក្នុងប្រទេសកម្ពុជាយើង គឺសុទ្ធតែបម្រើផលប្រយោជន៍ ឲ្យប្រទេសកម្ពុជាយើងទាំងអស់»។
លោកបន្ថែមថា សម្តេចតេជោ ហ៊ុន សែន បានគាំទ្រយ៉ាងពេញទំហឹង ជាមួយនឹងការមកបណ្តាក់ទុនរកស៊ី នៅប្រទេសកម្ពុជា ពីសំណាក់អ្នកវិនិយោគចិន ហើយបច្ចុប្បន្ននេះត្រូវបានគេសង្គេតឃើញថា មានពាណិជ្ជករ មកធ្វើការវិយោគនៅកម្ពុជាយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះពួកគេទទួលបានភាគកក់ក្តៅយ៉ាងខ្លាំងផងដែរពីរាជរដ្ឋាភបាលកម្ពុជា ខណៈដែលថ្នាក់ដឹកនាំប្រទេសកម្ពុជា មានការទទួលខុសត្រូវយ៉ាងមុតមាំ លើបញ្ហានានាដល់ទៅលើពួកគេ។
បើតាម លោក ឈួន ដារា ផែនការទំហំពាណិជ្ជកម្ម កម្ពុជា-ចិន នៅក្នុងឆ្នាំ២០១៧ មានចំនួន៥ពាន់លានដុល្លារអាមេរិក តែកម្ពុជាដោយមានការសហការខ្ពស់ ជាមួយមហាមិត្តចិននោះ ប្រទេសទាំងពីរ អាចសម្រេចលើសផែនការ រហូតដល់ទៅជាង៥ពាន់លានដុល្លារអាមេរិក ទាំងអស់នេះហើយអាចឆ្លុះបង្ហាញពីភាពស៊ីចង្វាក់គ្នា ជាដៃគូរពាណិជ្ជកម្មដល់ល្អផងដែរ ហើយកត្តានេះទៀតសោត ទើបអាចឲ្យកម្ពុជាសម្រេចបាននូវ សេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ៕