(ភ្នំពេញ)៖ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិនជិត ៥០០នាក់ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ បានបើកលំហាត់សមយុទ្ធនាគមាសសម្រាប់ឆ្នាំ២០១៨ ដើម្បីរឹតចំណងមិត្តភាព និងអបអរសាទរទំនាក់ទំនងខួប ៦០ឆ្នាំ។
លំហាត់សមយុទ្ធនេះធ្វើឡើងនៅភូមិសាស្ដ្រតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីបើកលំហាត់សមយុទ្ធនាព្រឹកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរិន្ទ និង លោកឧត្តមសេនីយ៍ទោ Zhang Jian មេបញ្ជាការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ធ្លាប់បានគូសបញ្ជាក់ថា ប្រធានបទលំហាត់សមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននេះ គឺជាបេសកម្មប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌នៃកងទ័ពកម្ពុជា-ចិន។ លំហាត់នេះរៀបចំក្នុងរូបភាពកងពលតូច និងអនុវត្តជាក់ស្តែង កម្រិតថ្នាក់វរសេនាតូច ដោយបែងចែកជា២ផ្នែក គឺលំហាត់ទីបញ្ជាការ និងលំហាត់លើទីលាន។ លោកថា កម្លាំងចូលរួមក្នុងលំហាត់នេះ ភាគីកម្ពុជាមានចំនួន ២៨០នាក់ ហើយភាគីចិនមានចំនួន ១៩០នាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ទៀតថា ចំពោះលំហាត់លើទីលាន ត្រូវបានសម្រេចយកបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតក្នុងយោធិនភូមិភាគ៣ (ខេត្តកំពង់ស្ពឺ) ធ្វើជាទីតាំងហ្វឹកហាត់ត្រៀមដែលមានលំដាប់លំដោយ រួមមានការរាវមីន កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការដោះគ្រាប់បែកសារធាតុគីមីពុល ការបន្សាបជាតិគីមីពុល ការប្រយុទ្ធកងអនុសេនាធំរថក្រោះ សហការជាមួយកងវរសេនាតូចថ្មើជើង ការរំដោះចំណាប់ខ្មាំង និងការងារមនុស្សធម៌។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ លំហាត់សមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-ចិននៅឆ្នាំ២០១៨នេះ គឺមានរយៈពេលកន្លះខែ។ នៅមុនការឈានមកដល់នៃលំហាត់សមយុទ្ធនេះ គេបានឃើញកងទ័ពចិន បានដឹកជញ្ជូនឧទ្ធម្ភាគចក្រ និងយុទ្ធោបករណ៍ជាច្រើនទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើសមយុទ្ធនេះផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្លាប់បានគូសបញ្ជាក់ថា លំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ គឺគ្រាន់តែជាការពង្រឹងចំណងទំនាក់ទំនងរវាងកងទ័ពកម្ពុជា-ចិនតែប៉ុណ្ណោះ។
បើទោះបីជាយ៉ាងមានការសាទរផងដែរចំពោះលំហាត់សមយុទ្ធនេះ ព្រោះជារួមចំណែកពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា ឲ្យកាន់តែមានសតម្ថភាពខ្ពស់ក្នុងការបម្រើជាតិមាតុភូមិ និងក្នុងបុព្វហេតុសង្រ្គោះប្រជាជនពីគ្រោះធម្មជាតិនានា៕