(ភ្នំពេញ)៖ ស្វាមីរបស់តារាចម្រៀងដ៏ល្បីមួយរូបដែលជាម្ចាស់បទ «មាតាដៃមួយរយ» អ្នកនាង សុគន្ធ នីសា បានបើករថយន្តស៊េរីទំនើបម៉ាក Rang Rover បុកម៉ូតូនៅជិតវិមានឯករាជ្យ នាម៉ោងជិត២រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ បណ្តាលឲ្យម៉ូតូ និងរថយន្តខូចខាតទាំងសងខាង តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញ រថយន្ត Rang Rover ពាក់ស្លាកលេខភ្នំពេញ 2V-9779 បើកដោយបុរសម្នាក់ ដែលជាស្គាល់ថា​ជាស្វាមីរបស់តារាចម្រៀងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជា បានបើករ៉េ លុះបើកមកជិតដល់វិមានឯករាជ្យ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ដែលចតចោលលើផ្លូវបណ្តាលឲ្យម៉ូតូ និងរថយន្តខូចខាតយ៉ាងដំណំផងដែរ។

បន្ទាប់ពីបុកហើយម្ចាស់រថយន្ត ដែលជាស្វាមីរបស់តារាចម្រៀងល្បីខាងលើមិនព្រមឈប់ទេ ព្យាយាមបើករត់រហូតទៅដល់ស្ពាននាគទើប អ្នកឃើញហេតុការណ៍ជិះម៉ូតូដេញទាន់ក៏ប្រាប់សមត្ថកិច្ចឲ្យទៅយកមកកាន់កន្លែងកើតហេតុវិញ។

បន្ទាប់ពីមកដល់កន្លែងកើតហេតុ ជនបង្កក៏បានចរចាជាមួយជនរងគ្រោះសងសំណងទៅម្ចាស់ម៉ូតូចំនួន៤៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕