(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានស្នើទៅលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ឲ្យជួយអន្តរាគមន៍ទៅកាន់វិទ្យុអាស៊ីសេរី ដែលផ្សាយចេញពីសហរដ្ឋអាមេរិក ឲ្យបំភ្លឺលើការផ្សាយព័ត៌មានរបស់ខ្លួនកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ពាក់ព័ន្ធការប៉ះទង្គិចគ្នារវាងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
សូមរំលឹកថា នៅក្រោយពេលមានការប៉ះទង្គិចគ្នាភ្លាមៗរវាងសមត្ថកិច្ច និងប្រជាពលរដ្ឋ វិទ្យុអាស៊ីសេរី ដែលគ្រប់គ្រងកម្មវិធីផ្សាយដោយលោក ជុន ចាន់បុត្រ បានសម្ភាសន៍ជាមួយស្រ្តីម្នាក់ឈ្មោះ ទិន សុភ័ក្រ ដោយបានផ្សព្វផ្សាយថា ការប៉ះទង្គិចគ្នានោះបណ្តាលឲ្យមនុស្សស្លាប់រហូតដល់ទៅ៦នាក់ និងរបួសប្រមាណ ៤០នាក់បន្ថែមទៀត។
មួយថ្ងៃបន្ទាប់អ្នកស្រី ទិន សុភ័ក្រ ក៏បានបកស្រាយទាំងជាមួយបណ្តាញព័ត៌មាន Fresh News ក៏ដូចជាឆ្លើយបំភ្លឺជាមួយព្រះរាជអាជ្ញាថា អ្វីដែលអ្នកស្រីបានឆ្លើយជាមួយវិទ្យុអាស៊ីសេរីនោះមិនមែនជាការពិតនោះឡើយ។ ជាពិសេសអ្វីដែលអ្នកស្រីឆ្លើយប្រាប់វិទ្យុអាស៊ីសេរីនោះ គ្រាន់តែជាការឆ្លើយតាមការបង្គាប់បញ្ជារបស់មនុស្សម្នាក់ឈ្មោះ អេង ហើយគ្រាន់តែជាការឆ្លើយឲ្យរួចពីមាត់តែប៉ុណ្ណោះ។
បើទោះបីជាមានការបញ្ជាក់ពីអ្នកស្រី ទិន សុភ័ក្រ បែបនេះក្តី តែរហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ គេនៅមិនទាន់ឃើញវិទ្យុអាស៊ីសេរីចេញមកកែតម្រូវលើកំហុសឆ្គងក្នុងការផ្សាយរបស់ខ្លួននោះឡើយ។
ក្នុងលិខិតផ្ញើជូនលោក ប្រាក់ សុខុន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ហេតុការណ៍ហឹង្សាទំនាស់ដីធ្លីដែលបានកើតឡើងនៅស្រុកស្នួល ខេត្តក្រចេះ គឺជាផែនការរបស់វិទ្យុអាស៊ីសេរី ដែលតែងតែឃុបឃិតជាមួយគណបក្សប្រឆាំងរៀបចំឡើងជាបន្តបន្ទាប់បំផុសឲ្យប្រជាពលរដ្ឋប្រឆាំងនឹងរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចបង្កឲ្យមានអំពើហឹង្សាកើតឡើង ដើម្បីទម្លាក់កំហុស និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
លោក ខៀវ កាញារីទ្ធ បានចាត់ទុកការផ្សាយរបស់វិទ្យុអាស៊ីសេរី គឺជាអំពើបំពានច្បាប់ អសីលធម៌ គ្មានវិជ្ជាជីវៈ និងជាចេតនាទុច្ចរិតរបស់អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី ដែលតែងតែបានបង្កើតបញ្ហាជាបន្តបន្ទាប់ម្តងហើយម្តងទៀត ដោយធ្វើសកម្មភាពញុះញង់បង្កឲ្យកើតមានអំពើហឹងស្សា ការរើសអើង បង្កចលាចលសង្គម ដែលអាចបណ្តាលឲ្យអន្តរាយដល់សន្តិសុខជាតិ និងអរិភាពជាមួយប្រទេសដទៃផងដែរ។
ក្នុងលិខិតសុំកិច្ចអន្តរាគមន៍ចាត់វិធានការលើវិទ្យុអាស៊ីសេរីនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានរំលេចពីកំហុសឆ្គង និងការអុជអាលតាមរយៈការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីនាពេលកន្លងទៅផងដែរ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «វិទ្យុអាស៊ីសេរី តែងព្យាយាមឃុបឃិតជាមួយគណបក្សប្រឆាំងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលមិនអាចអត់ឱនបាន និងត្រូវតែកែតម្រូវការផ្សាយព័ត៌មានរបស់ខ្លួនឲ្យបានសុក្រឹត្យ ត្រឹមត្រូវ យុត្តិធម៌ ឈរលើមូលដ្ឋានការពិត មិនលំអៀង មានតុល្យភាព តាមក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយភាពថ្លៃថ្នូរ និងមានការទទួលខុសត្រូវក្នុងនាមជាសារព័ត៌មានប្រទេសជឿនលឿន គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»៕