(ភ្នំពេញ)៖ មន្ត្រីកាំកុងត្រូល បានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈចំនួន៣កន្លែងនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅនៅតែបន្តរឹងរូសលក់ប្រេងឥន្ធនៈមិនគ្រប់ចំណុះតាមលេខកុងទ័រ ហើយលក់បន្លំគុណភាពប្រេង។ មន្ត្រីកាំកុងត្រូលស្នើឲ្យក្រសួងពាណិជ្ជកម្មចាត់វិធានការបិទអាជីវកម្មរបស់ពួកគេផងដែរ។
នៅថៃ្ងទី១៦ ខែមីនា ឆ្នាំ២០១៨ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយ លោក មាន ចំណាប់ ជាអនុប្រធាន នាយកដ្ឋាន សហការណ៍ជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួនដែលធ្លាប់ធើ្វកិច្ចសន្យាក្នុងការត្រួតពិនិត្យដំបូងរួចមកហើយជាមួយអគ្គនាយកដ្ឋានដែលមានទីតាំងនៅសង្កាត់ព្រែកបា្រ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងគោលបំណងតាមដានរកភាពអនុលោមទោតាមការកែតម្រូវឱ្យសមស្របតាមបទដ្ឋាន និងផ្លូវច្បាប់ ។
ការត្រួតពិនិត្យគុណភាព និងបរិមាណនេះគឺផ្អែកទៅលើ ឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពី កុងទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត ។
លោក មាន ចំណាប់ បានឲ្យដឹងថា ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈមន្រ្តីកាំកុងត្រូលបានរកឃើញ០៣ដេប៉ូ មានដេប៉ូ TELA (ស៊ីវ ឃីម) មានតំណាងឈ្មោះ តាន់ សុខសម្បត្តិ មានបញ្ហាកង្វះរង្វាស់រង្វាល់, ដេប៉ូ TELA (មានជ័យ 369) មានម្ចាស់ឈ្មោះ ឌិន តូនី មានបញ្ហាកង្វះរង្វាស់រង្វាល់ និងដេប៉ូ TELA (អូរអណ្តូង១) មានម្ចាស់ឈ្មោះ ឈិន សោភា មានបញ្ហាកង្វះរង្វាស់រង្វាល់ និង គុណភាពប្រេង ដែលមានទីតាំងនៅលើផ្លូវ ៣៦៩ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោក ចំណាប់ បានអះអាងថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ បានរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មដើម្បីពិចារណា ចំពោះម្ចាស់ស្ថានីយ ដេប៉ូ ដែលមិនព្រមកែតម្រូវអំពីការព្យួរអាជ្ញាប័ណ្ណធើ្វអាជីវកម្មប្រចាំឆ្នាំ បញ្ឈប់ការអាជីវកម្មតែម្តង ។
លោកបានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យអោយបានគ្រប់ស្ថានីយទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលទៅតាមផ្លូវច្បាប់ ។
លោក ចំណាប់ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការនៃលេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕