(ភ្នំពេញ)៖ ថ្លែងប្រាប់បងប្អូនខ្មែររស់នៅអូស្ត្រាលី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកកិច្ចព្រមព្រៀងរបស់ទណ្ឌិត សម រង្ស៊ី កាត់ដីឲ្យជនជាតិភាគតិចវៀតណាម គឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់ជាតិ ហើយសម្តេចបញ្ជាក់ថា កម្ពុជាមិនដែលមានជនជាតិភាគតិចម៉ុងតេញ៉ា ឬ ដេហ្គានោះឡើយ។

ការថ្លែងរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងឱកាសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគួរតែនិយាយរឿងមួយ រឿងនេះប្រសិនកើតឡើងវាគួរឲ្យភ័យខ្លាចខ្លាំងណាស់ ប្រសិនបើកម្ពុជាយើងមានស្ថានភាពបែបនេះ។ រឿងថ្មីមួយដែលលេចចេញ ហើយទើបនឹងធ្លោយ គឺទាក់ទងនឹងការចុះហត្ថលេខា កាត់ខេត្ត៤ឲ្យស្វយ័ត»

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា «ពេលនិយាយដល់ជនជាតិដើមភាគតិច តើអ្នកទាំងអស់គ្នាស្គាល់ពួកដេហ្គា ឬពួកម៉ុងតេញ៉ាទេ នៅស្រុកខ្មែរ? តើនេះជាជនជាតិដើមរបស់យើង ឬយ៉ាងណា? គេឲ្យមកគ្រប់គ្រងនៅខេត្ត៤ ហើយមិនត្រូវភ្លេចថា នៅពេលដែលចុះហត្ថលេខាគេប្រើទង់ជាតិ៣ ទង់ជាតិខ្មែរមួយ ទង់ជាតិអាមេរិកាំងមួយ និងទង់ជាតិរបស់ពួកដេកាមួយទៀត។ ដែលមានន័យថា យើងនឹងត្រូវបាត់បង់បួនខេត្ត​ ហើយខេត្តនោះនឹងត្រូវភ្ជាប់ជាមួយខេត្ត នៃរដ្ឋដេហ្គា នេះហើយមិនទាន់បានកាត់អំណាចផង គេហ៊ានធ្វើដល់ម្លឹងទៅហើយ។...បើជាខ្មែរដូចគ្នាចាំបាច់អីទៅចុះហត្ថលេខា ចាំបាច់អីត្រូវមានទង់ជ័យដោយឡែក?»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «កម្ពុជាប្រឆាំងអប្បគមន៍ មើលក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន យើងគោរពជនជាតិដើមភាគតិចរបស់យើង ដែលមានចារ៉ាយ មានស្ទៀង មានភ្នងជាដើម តែយើងមិនដែលមានជនជាតិដើមម៉ុងតេញ៉ាទេ យើងមិនដែលមានដេហ្គាទេ។ ម៉ុងតេញ៉ារត់ចូលប្រទេសយើង សម្ភាសន៍ជាប់ទៅប្រទេសទី៣ បើសម្ភាសន៍មិនជាប់យើងបញ្ជូនទៅឲ្យវៀតណាមវិញ នេះជាជនជាតិភាគតិចរបស់វៀតណាមទេតើ? ហេតុអីបានជាឲ្យអ្នកនេះ មកយកខេត្ត៤របស់យើង។...ម៉ុងតេញ៉ាមិនមែនជាជនជាតិដើមភាគតិចរបស់ខ្មែរទេ គឺជាជនជាតិដើមភាគតិចរបស់វៀតណា អ្នក (សម រង្ស៊ី) ឲ្យ៤ខេត្តទៅហើយម៉ុងតេញ៉ា ដូចជាអ្នកឲ្យ៤ខេត្តទៅវៀតណាម»

ឆ្លើយតបនឹងការលើកឡើងរបស់ក្រុមមួយចំនួន ដែលនិយាយថា សម្តេចតេជោកាត់ដីឲ្យវៀតណាមជារៀងរាល់ថ្ងៃនោះ សម្តេចតេជោបញ្ជាក់ថា ប្រសិនបើដូច្នេះមែននោះ ទឹកដីរបស់កម្ពុជាប្រហែលជាវៀតណាមយកអស់ដល់រាជធានីភ្នំពេញបាត់ទៅហើយ ប៉ុន្តែមិនមានរឿងដូច្នេះទេ គឺសម្តេចការពារដាច់ខាតនូវដែនអធិបតេយ្យភាពរបស់កម្ពុជា មិនឲ្យបាត់បង់នោះឡើយ។

សូមជំរាបថា បន្ទាប់ពីបែកធ្លាយឯកសារទណ្ឌិត សម រង្ស៊ី បានលួចទៅចុះកិច្ចព្រមព្រៀមជាមួយលោក Kok Ksor (កុក សរ) មេដឹកនាំវៀតណាម ជនជាតិភាគតិច Degar (ដេកា) ឬម៉ុងតាញ៉ា (វៀតណាមសេរី) ពីការយល់ព្រមកាត់ខេត្តចំនួន៤ ទៅឲ្យភាគីវៀតណាម ពេលបក្សខ្លួនឈ្នះឆ្នោតនោះ បានធ្វើឲ្យគ្រប់មជ្ឈដ្ឋាន​នៅក្របខ័ណ្ឌទូទាំងប្រទេស បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះទង្វើក្បត់ជាតិសាសន៍ខ្លួនឯងរបស់ទណ្ឌិត សម រង្ស៊ី និងមិនអាចទទួលយកបាននោះទេ។ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានដាក់ពាក្យបណ្តឹងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៊ី ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ាផងដែរ៕