(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់អានិកជនខ្មែរ​ នៅប្រទេសអូស្រ្តាលីថា ចង់នរណាលាបពណ៌សម្តេចថាជាអាយ៉ងប្រទេសណាមួយនោះ គឺមិនសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺត្រង់ថសម្តេចគឺជាអ្នកបម្រើជាតិខ្មែរ ដ៏ស្មោះត្រង់ម្នាក់បានហើយ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរជិត១ពាននាក់ នៅទីក្រុងស៊ីដនី នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ អំឡុងពេលសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «មានអ្នកខ្លះគេថាកម្ពុជាលំអៀងទៅរកចិន ប៉ុន្តែខ្ញុំសូមសួរពេលនេះ ខ្ញុំមកដល់អូស្ត្រាលី តើថាយ៉ាងម៉េចដែរ?»។ សម្តេចបន្តទៀតថា «ដំបូងគេថាខ្ញុំប្រូជាមួយវៀតណាម ទៅជាអាយ៉ងវៀតណាម ប៉ុន្តែសួរទៅមើលវៀតណាម និងចិន ទំនាក់ទំនងរបស់ពួកគាត់មានល្អ និងមានមិនល្អ ឥឡូវខ្ញុំម្នាក់ឯងទៅជាអាយ៉ងជប៉ុនផង វៀតណាមផង ចិនផង ទៅរួចដែរ? ឥឡូវចង់នរណាថាអ្វីថាទៅ ! រឿងធំជាងគេ ឱ្យតែខ្ញុំបម្រើជាតិកម្ពុជាដោយស្មោះត្រង់ទៅបានហើយ»

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកខ្លួនឯងថាជាមនុស្សអភ័ព្ធម្នាក់ ដោយសារតែនៅពេលដែលខិតខំដឹកនាំប្រទេស ក្រោយសង្រ្គាមនោះ ពិភពលោកបានចាប់ផ្តើមចែកប្លុកគ្នារវាងសេរី និងកុម្មុនីស្តិ៍។ សម្រាប់ប្រទេសកម្ពុជាពេលនោះ ត្រូវបានចាត់ទុកថា ជាប្រទេសទើបងើបពីសង្រ្គាម ដែលមិនមែនសេរី ហើយក៏មិនមែនកុម្មុយនីស្ត។ សម្តេចបានបញ្ជាក់ថា នៅពេលដែលសម្តេចទៅប្រជុំនៅប្រទេសមួយចំនួន ពួកលោកសេរី បានហៅសម្តេចថាកុម្មុនីស្ត ហើយពួកកុម្មនីស្ត ក៏បែរជាហៅសម្តេចថា ជាពួកសេរីទៅវិញ។

សម្តេចបានបញ្ជាក់ថា៖ ខ្ញុំឆ្អែតឆ្អន់ហើយ នូវការលាបពណ៌ ហើយខ្ញុំគឺជាមនុស្សអភ័ព្វម្នាក់។​ សម្តេចបន្តថា៖ «ប៉ូលមួយតំណាងកុម្មុនីស្ត គេថាឯងសេរី ឯប៉ូលមួយតំណាងសេរី គេបែរជាថាឯងកុម្មុនីស្ត»

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន​បានចាត់ទុកថា ប្រទេសកម្ពុជា ដែលងើបពីសង្រ្គាមភ្លាមៗមានការលំបាកខ្លាំងណាស់ទាំងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ GDP សម្រាប់ប្រជាពលរដ្ឋខ្មែរម្នាក់មានត្រឹមតែ៤០០ដុល្លារ ប៉ុណ្ណោះនៅឆ្នាំ២០០៤ ប៉ុន្តែក្រោយមកសេដ្ឋកិច្ចយើងចាប់ផ្តើមងើបជាបន្តបន្ទាប់រហូតដល់ GDP សម្រាប់មនុស្សម្នាក់កើនឡើងដល់ជិត១៥០០ដុល្លារ ដែលធ្វើឱ្យកម្ពុជារួចផុតពីប្រទេសក្រីក្រ ក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ឆ្នាំ២០៣០ ខាងមុខនេះ កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ដោយសារតែស្ថិរភាពនៃសេដ្ឋកិច្ច។ សម្តេចបានរំលឹកថា អំពើពុករលួយ គឺជាផលអវិជ្ជមានសម្រាប់ការអភិវឌ្ឍប្រទេស ហើយដើម្បីសម្រេចតាមផែនការកំណើនសេដ្ឋកិច្ចនេះ កម្ពុជាត្រូវខិតខំលុបបំបាត់អំពើពុករលួយផងដែរ៕