(កំពង់ចាម)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក ធា គ្រុយ តំណាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទូចដល់មន្ត្រីសុខាភិបាល ត្រូវផ្លាស់ប្តូរឥរិយាបថ ពីអ្នកត្រួតត្រា ទៅជាអ្នកផ្តល់សេវា ជូនប្រជាពលរដ្ឋ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យ និងព្យាបាលជម្ងឺប្រកបដោយគុណភាព និងតម្លាភាព។
លោក ធា គ្រុយ បានថ្លែងបែបនេះ ក្នុងពិធីបូកសរុបសមិទ្ធិផលវិស័យសុខាភិបាល ខេត្តកំពង់ចាមឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមលោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ កម្មវិធីសុខភាពបន្តពូជមាតា ទារក និងកុមារ ការសម្រាលកូន នៅមូលដ្ឋានសុខាភិបាលសាធារណៈ ឯកជន និងតាមលំនៅដ្ឋានដោយបុគ្គលិកសុខាភិបាលមានចំនួន២៤.២៥៥នាក់ ស្មើនិង៨៦ភាគរយ មានការកើនឡើង បើប្រៀបធៀបឆ្នាំ២០១៦ មានតែ៨៤ភាគរយប៉ុណ្ណោះ។ ក្នុងនោះកុមារអាយុក្រោម១ឆ្នាំ មានចំនួន១៩៣០៩នាក់ បានទទួលថ្នាំបង្ការពេញលេញច្រើនជាង៧១ភាគរយ។
កម្មវិធីប្រយុទ្ធជម្ងឺឆ្លងជម្ងឺអេដស៍សកម្មចំនួន២៨១៣នាក់ ក្នុងនោះ មនុស្សពេញវ័យចំនួន២៦៦៣នាក់ និងកុមារចំនួន១៥០នាក់ បានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍។
អត្រាជាសះស្បើយ នៃការព្យាបាលជម្ងឺរបេង នៅរក្សារបានខ្ពស់ជាង៨៥ភាគរយ ការស្រាវជ្រាវករណីរបេងសម្រេចបានចំនួន១០៩៩២ករណី ក្នុងនោះ ៤៤៨ករណី ជាករណីបេកាបូកថ្មី។
ចំណែកអត្រាឈឺនៃជម្ងឺគ្រុនចាញ់ មានការថយចុះ ពី០.៦៧ ក្នុងចំណោមប្រជាពលរដ្ឋ១០០០នាក់ នៅក្នុងឆ្នាំ២០១៦ មកនៅត្រឹម០.៦៤ នៅឆ្នាំ២៩១៧។ អត្រាស្លាប់នៃជម្ងឺគ្រុនចាញ់ មិនមានករណីស្លាប់ទេ នៅក្នុងឆ្នាំ២០១៧នេះ។ ចំណែកជម្ងឺគ្រុនឈាមមានចំនួន២៤០ករណី និងមិនមានករនីស្លាប់ទេ។ ដោយឡែក កម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល ការពិនិត្យពិគ្រោះជម្ងឺរបស់ ប្រជាពលរដ្ឋទាំង២ភេទ និងគ្រប់វ័យទូទាំងខេត្តមានចំនួន សរុប៧៧១៥៣៤ករណី។ អ្នកជម្ងឺចូលសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យសរុបចំនួន២០២៥៥ករណី, សម្រាលកូនចំនួន៤៧៤១នាក់ ,ជម្ងឺវះកាត់សរុបចំនួន៤២៣៣ករណី។
ក្នុងឱកាសបើកម្មវិធី រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ធា គ្រុយ បានថ្លែងផ្តាំផ្ញើដល់មន្ត្រីសុខាភិបាលទាំងអស់ថា សូមឲ្យគ្រូពេទ្យ ទាំងអស់ខិតខំផ្តល់សេវា ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន បង្កើនសមត្ថភាព ប្រកបដោយគុណភាព និងត្រូវផ្លាស់ប្តូរឥរិយាបថ ប្រែក្លាយពីអ្នកត្រួតត្រា ទៅជាអ្នកបម្រើសេវា ជូនប្រជាពលរដ្ឋ និងបំពាក់សម្ភារ ឧបករណ៍បរិក្ខាពេទ្យឲ្យបានគ្រប់គ្រាន់ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យព្យាបាលជម្ងឺ ប្រកបដោយគុណភាព និងតម្លាភាព និងត្រូវមានសាមគ្គីភាពល្អ៕