(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ រួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការផាកពិន័យនៅនឹងកន្លែងគោលដៅត្រួតពិនិត្យ ការអនុវត្តប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៧ និងបានរកឃើញថាក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានរថយន្តចំនួន ៥ ៨២៣ គ្រឿង ដែលមិនបានមកប្រកាសបង់ពន្ធបានទាន់ពេលវេលា ស្របតាមការកំណត់ដោយច្បាប់ ហើយរថយន្តទាំងនោះ ត្រូវបានតម្រូវឱ្យបង់ប្រាក់ពន្ធ រួមទាំងប្រាក់ពិន័យមានចំនួន ៤,៩១៥លានរៀល (ប្រមាណជាង ១,២២ លានដុល្លារ)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែល Fresh News ទទួលបាននៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ប្រាប់ម្ចាស់រថយន្តផងដែរថា ដោយសង្កេតឃើញមាន រថយន្តដែលមិនទាន់បានប្រកាសបង់ពន្ធ នៅតែធ្វើចរាចរនៅលើដងផ្លូវនៅឡើយ ដូច្នេះក្រុមការងារចម្រុះនៃអគ្គនាយកដ្ឋាន ពន្ធដារនៅតែបន្តយុទ្ធនាការចុះត្រួតពិនិត្យលើ យានយន្តណាដែលមិនទាន់បង់ពន្ធប្រភេទនេះតទៅទៀត ដើម្បីពង្រឹងវប្បធម៌នៃការបង់ពន្ធ និងបង្កើនប្រសិទ្ធភាព សក័្តសិទ្ធិភាព នៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ប្រកបដោយតម្លាភាព សមភាព និងអស់សក្តានុពល។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ទៀតថា «ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានពន្ធដារ មានបំណងផ្តល់ការក្រើនរំឭក ក៏ដូចជាការប្រកាសជាព័ត៌មានជូនដល់ម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាស ក៏ដូចជាសាធារណជន រួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧ ឱ្យបានគ្រប់ៗគ្នា នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាធនាគារកាណាឌីយ៉ា ក.អ ឬនៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅសាខាធនាគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈណាមួយ ដើម្បីចៀសវាងនូវការឃាត់យានយន្តតាមដងផ្លូវ ដោយមន្ត្រីពន្ធដារ និងកងកម្លាំងមានសមត្ថកិច្ច ដែលអាចនាំឱ្យមានការកកស្ទះ ចរាចរណ៍ធ្វើដំណើរ ខាតពេលវេលា និងអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយជាយថាហេតុ»

សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨មក បាននិងកំពុងចុះតាមគោលដៅសំខាន់ៗ ដើម្បីត្រួតពិនិត្យការអនុវត្តប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕