(ភ្នំពេញ)៖ តាំងពីច្បាប់ស្ដីពីសហជីព ត្រូវបានសភាអនុម័ត និងដាក់ឲ្យអនុវត្តជាធរមានមក មានសហជីពមូលដ្ឋានជាង៦០០មូលដ្ឋាន បានចុះបញ្ជិការថ្មីនៅក្រសួងការងារ និងបណ្ដុះបណ្ដាល ប៉ុន្តែក៏មានបញ្ហាចោទឡើងមួយចំនួននៅក្នុងការចុះបញ្ជីនេះផងដែរ។ នេះបើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ។
ក្រោយបញ្ចប់ជំនួបពិភាក្សាជាមួយលោកស្រី សារ៉ា ម៉ហ្គាន ទីប្រឹក្សាជាន់ខ្ពស់នៃការិយាល័យសិទ្ធិមនុស្ស និងការងារអាមេរិក ដើម្បីពិភាក្សាការងារពាក់ព័ន្ធច្បាប់ស្ដីពីសហជីព សេចក្ដីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្ដីពីកិច្ចសន្យាការងារ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នេះរួចមក លោករដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងថា ក្នុងជំនួបនេះ លោកបានពិភាក្សាជាមួយលោកស្រី សារ៉ា ផ្ដោតលើការពង្រឹងសមត្ថភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលកម្ពុជាមានស្រាប់។ ក្រៅពីនេះ មានការពិភាក្សាលើលក្ខខណ្ឌការងារផ្សេងៗ ហើយមកដល់ពេលនេះ កម្ពុជានៅតែអនុវត្តបានល្អ ហើយអាមេរិកក៏បានកោតសរសើរផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា លោកក៏បានពិភាក្សាអំពីបញ្ហាកង្វល់របស់ភាគីពាក់ព័ន្ធ ដែលបានស្នើឲ្យមានការសម្រួល និងការលើកកម្ពស់សមត្ថភាពបន្ថែមទៀតដល់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជិការរបស់អង្គការសហជីព ហើយកម្ពុជានឹងមានការបណ្ដុះបណ្ដាល កសាងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យមានការសម្រួលក្នុងការចុះបញ្ជី។
លោកថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០១៧ ការចុះបញ្ជីសហជីពមានភាពងាយស្រួលច្រើន ៦០០សហជីពមូលដ្ឋាន ដែលបានចុះបញ្ជីថ្មី ក្រោយពេលច្បាប់ស្ដីពីសហជីពបានអនុម័ត ប៉ុន្តែក៏នៅតែមានបញ្ហា ដោយសារអ្នកដែលធ្វើឯកសារមកចុះបញ្ជី ក៏វាច្រើនតែខុស ដល់ហ្ចឹង អ្នកដែលពិនិត្យឯកសារហើយ បញ្ជូនត្រលប់ទៅវិញ ត្រលប់ចុះត្រលប់ឡើង វាធ្វើឲ្យមានការយឺតយ៉ាវ ក៏មានការលើកឡើងជាមតិយោបល់ អញ្ចឹងយើងនឹងខំដោះស្រាយបញ្ហានេះ ឲ្យវារលូនថែមទៀត»។
ចំពោះច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាវិញ ត្រូវបានលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ខាងអាមេរិកចង់ឲ្យមានសិក្ខាសាលា ដើម្បីពិគ្រោះយោបល់ចុងក្រោយ មុននឹងអនុម័ត ហើយលោករដ្ឋមន្ត្រីក៏បានទទួលយល់ព្រមនឹងសំណើនេះផងដែរ ជាមួយរំពឹងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក នឹងបន្តទៅមុខទៀត ពិសេសការបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងទំនាក់ទំនងទីផ្សាររវាងកម្ពុជា និងអាមេរិក៕