(ភ្នំពេញ)៖ បុរសកម្សត់ដែលត្រូវភ្លើងឆេះខ្លួនសុះសាច់ នៅស្រុកសណ្តាន់ ខេត្តកំពងធំ ហើយត្រូវបានរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកបណ្ឌិត ម៉ម ប៊ុនហេង ចេញអន្តរាគមន៍បញ្ជាឲ្យមន្រ្តីសុខាភិបាល ដឹកមកកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីបន្តការព្យាបាលនោះ រហូតមកដល់រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បុរសកម្សត់ សុង ធូ បាននិងកំពុងបន្តសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ ព្រមទាំងមានអការៈរាងធូរស្បើយខ្លះៗផងដែរ បានន័យថាបុរសកម្សត់រូបនេះ បានរួចពីសេចក្តីស្លាប់ហើយ។
នៅរសៀលថ្ងៃដដែលនេះ លោក ជិន ប៊ុនធឿន លេខាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពសាខារាជធានីភ្នំពេញ ព្រមទាំងសហការី បានចុះសួរសុខទុក្ខលោក សុង ធូ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
កាលពីពេលថ្មីៗនេះ ក្រុមការងារមនុស្សធម៌ដែលមានលោក ជិន ប៊ុនធឿន រួមដំណើរដោយលោកឧកញ៉ា ដេវីដ ឆាយណាវ៉ា និងគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជា កញ្ញា ប្រាក់សេងហួ បានចុះទៅដល់ទីតាំង ដោយបាននាំយកអំណោយជា ឧបភោគ បរិភោគ ថវិកា និងថ្នាំព្យាបាលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនដល់ជនរងគ្រោះផងដែរ។
ក្រោយពេលពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងររបស់ជនរងគ្រោះរួចមក លោកឧកញ៉ា បានសន្យាថា និងផ្តល់ថវិកាសំរាប់ព្យាបាលរហូតដល់ជាសះស្បើយ។ ហើយនៅពេលនេះ បុរសអ្នកជម្ងឺបានទទួលការយកចិត្តទុកដាក់ខ្ពស់បំផុតពីលោកបណ្ឌិត ម៉ម ប៊ុនហេង ដោយបានចាត់មន្ត្រីឲ្យនាំយកមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រហូតជាសះស្បើយមុខរបួស ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕