(ព្រះវិហារ)៖ ជនសង្ស័យ២នាក់ រួមនិងវត្ថុតាងថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនទៀត ត្រូវបានកម្លាំងនគរបាលក្រុងព្រះវិហារ បង្រ្កាបបាន ស្ថិតនៅចំណុចផ្លូវភ្លោះក្នុង ភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

លោកវរសេនីយ៍ទោ ឆៅ វុទ្ធា អធិការនគរបាលក្រុងព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះថា ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននេះ គឺជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្ម ដែលសមត្ថកិច្ចយើងបានដាក់បណ្តាញឃ្លាំមើលជាប្រចាំ។

លុះនៅរសៀលថ្ងៃម្សិលមិញនេះ មុខសញ្ញាទាំង២នាក់ បានបង្ហាញខ្លួនដោយជិះម៉ូតូ កម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ឲ្យឈប់ ស្រាប់តែជនសង្ស័យទាំង២នេះ ផ្តួលម៉ូតូហើយបោះថ្នាំញៀនចោល។

ក្រោយនាំខ្លួនជនសង្ស័យទាំង២នាក់ ទៅកាន់អធិការនគរបាលក្រុងព្រះវិហារ ធ្វើការសាកសួររួច កម្លាំងសមត្ថកិច្ចយើងក៏បានបន្តមកធ្វើការឆែកឆេបន្ទប់ជួលស្នាក់នៅ របស់ជនសង្ស័យទាំង២ក៏ បានប្រទះឃើញថ្នាំញៀន និងវត្ថុតតាងមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់។

ជាមួយគ្នានេះផងដែរ លោកអធិការក្រុងព្រះវិហារ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបអាជីវកម្មជួលបន្ទប់ស្នាក់នៅទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះសមាសភាពផ្សេងៗ ដែលមកជួលបន្ទប់ស្នាក់នៅ បើមានការសង្ស័យ ត្រូវរាយការណ៍ដោយសហការជាមួយសមត្ថកិច្ច ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការ៕