(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ ឯក ឃុន សំបូ អគ្គនាយករងអន្តោប្រវេសន៍ តំណាងនាយឧត្តមសេនីយ៏សន្តិបណ្ឌិត សុខ ផល អគ្គនាយកអន្តោប្រវេសន៍ នៅព្រឹកថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៨នេះ បានប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ៧១៩ ប្រក និងសេចក្តីជូនដំណឹងលេខ១១៨ សជណអអ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ គ្រឹះស្ថាន កាស៊ីណូ នៅសាលាខេត្តប៉ៃលិន។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន លោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងក្រុង/ស្រុក ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោក លោកស្រី តំណាងម្ចាស់ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ គ្រឹះស្ថានការស៊ីណូជាច្រើនាក់ផងដែរ។

បន្ទាប់ពីលោក ភី ឡុងឌី ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានអានប្រកាសអន្តរក្រសួងលេខ៧១៩ប្រក ចុះថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៨ ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា រួចមក លោកវរៈសេនីយ៏ឯក សាញ់ ណាំ ស្នងការរងទទួលផែនការអន្តោប្រវេសន៍ខេត្ត បានអានសេចក្តីជូនដំណឹងលេខ១៨៨សដណ អអ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីកាតព្វកិច្ចធ្វើសៀវភៅការងារ បណ្ណការងារជូនជនបរទេស របស់ម្ចាស់សហគ្រាស គ្រឹះស្ថានកាស៊ីណូ និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ ជាពិសេសម្ចាស់សហគ្រាស គ្រឹះស្ថានកាស៊ីណូ សណ្ធាគារ ដើម្បីអោយគាត់យល់កាន់ច្បាស់ ក្នុងការអនុវត្តច្បាប់ការងារ។

លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ និងសហគ្រាស ក្រុមហ៊ុន សណ្ឋាគារ គ្រឹះស្ថានកាស៊ីណូទាំងអស់ ត្រូវចូលរួមសហការអនុវត្តន៍ច្បាប់ ពង្រឹងការងារអធិការកិច្ចហត្ថពលកម្ម បរទេសក្នុងព្រះរាជាណាចក្រកម្ពុជា និងកាតព្វកិច្ចធ្វើសៀវភៅការងារ បណ្ណការងារជនបរទេសរបស់ម្ចាស់សហគ្រាស គ្រឹះស្ថានកាស៊ីណូ និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់ និងពង្រីកការងារជូនដល់ពលករ ជាពិសេសទប់ស្តាត់ពលករជនបទេស មកធ្វើការងារនៅកម្ពុជា មិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ។

លោកស្រីបានបន្តថា សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ គ្រឹះស្ថានកាស៊ីណូ ត្រូវផ្សព្វផ្សាយដល់ពលករទាំងអស់ត្រូវចូលរួមអនុវត្តន៍ និងគោរពតាមយន្តការច្បាប់ ហើយត្រូវបំពេញបណ្ណការងារអោយសមស្របតាមច្បាប់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានស្នើដល់មន្រ្តីជំនាញដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ ការណែនាំ រៀនសូត្រ និងលើកជាសំណួរ ដើម្បីដកពិសោធន៍ការងារ ក្នុងការពង្រឹងសមត្ថភាពសម្រាប់យកទៅអនុវត្តន៍ការងារបានទទួលជោគជ័យ។

លោកឧត្តមសេនីយ៍ឯក ឃុន សំបូ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង គឺដើម្បីឲ្យការអនុវត្តឲ្យសមស្របតាមច្បាប់ ព្រះរាជាណាចក្រកម្ពុជាក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍។

លោកបានបន្តថា ដូច្នេះម្ចាស់សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ គ្រឹះស្ថានកាស៊ីណូទាំងអស់ ត្រូវណែនាំផ្សព្វផ្សាយដល់ពលករបរទេសទាំងអស់ ដែលធ្វើការងារកន្លែងរបស់ខ្លូន ត្រូវធ្វើឯកសារឆ្លងដែន និងធ្វើបណ្ណការងារ ជាពិសេសការផ្តល់ទិដ្ឋការ ឲ្យបានត្រឹមត្រូវឲ្យសមស្របតាមច្បាប់គតិយុត្ត សំដៅការគ្រប់គ្រងពលករបរទេស និងពង្រឹងការទប់ស្កាត់ពលករបទេសមកធ្វើការងារនៅកម្ពុជា ដែលមិនមានច្បាប់អនុញ្ញាតិ។

លោកបានបន្តទៀតថា រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការងារគ្រប់គ្រងពលករបទេសឆ្លងដែនមកកម្ពុជា និងការធ្វើលិខិតឆ្លងដែន ការផ្តល់ទិដ្ឋការ ការធ្វើបណ្ណការងារជាដើម ដូច្នេះត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងយល់ដឹងពីច្បាប់ គោរពតាមយន្តការច្បាប់ របស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាព។ ទន្ទឹមនឹងនេះត្រូវសហការ និងណែនាំដល់សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ គ្រឹះស្ថានកាស៊ីណូ ទាំងអស់ឲ្យចូលរួមអនុវត្តន៍ទាំងអស់គ្នាទៅតាមយន្តការច្បាប់អោយបានត្រឹមត្រូវ និងច្បាស់លាស់៕