(ភ្នំពេញ)៖ បន្ទាប់ពីខិតខំអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ស្ទឹងអារ៉ែងជារឿយៗមក ក្រសួងទេសចរណ៍ បានប្រគល់សម្ភារអេឡិចត្រូចនិកមួយចំនួនតម្លៃជាង ៥ពាន់ដុល្លារអាមេរិក ជូនដល់សហគមន៍ទេសចរណ៍មួយនេះ សម្រាប់ប្រើប្រាស់ជាប្រយោជន៍នានា ខណៈប្រជាពលរដ្ឋនៅទីនោះបានភ្ញាក់រឭកឈប់កាប់ព្រៃឈើ និងបរបាញ់សត្វ មកប្រកបរបរជាមគ្គុទ្ទេសក៍នាំភ្ញៀវទេសចរ ចូលទស្សនាក្នុងតំបន់ទេសចរណ៍របស់ពួកគាត់វិញ។
សម្ភារប្រើប្រាស់ទាំងនេះ ត្រូវបានប្រគល់ដោយលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជូនចំពោះលោក ទិត្យ លី ប្រធានសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ក្នុងនាមតំណាងប្រជាសហគមន៍ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងទេសចរណ៍។
លោក ជុក ជំនោរ បានឲ្យដឹងថា ដោយយល់ព្រមតាមសំណូមពររបស់ប្រជាសហគមន៍ ដែលបានស្នើកាលពីពេលកន្លងទៅ លោករដ្ឋមន្ត្រី ថោង ខុន បានសម្រេចឧបត្ថម្ភតាមសំណើរបស់ប្រជាសហគមន៍ ក្នុងនោះមានកុំព្យូទ័រយួរដៃចំនួន ៤គ្រឿង ម៉ាស៊ីនព្រីនធឺរចំនួន ១គ្រឿង និងធុងបាសចំនួន ២គ្រឿង សរុបជាថវិកាមានជាង ៥ពាន់ដុល្លារអាមេរិក។
លោក ជុក ជំនោរ បានបន្តថា មុនការប្រគល់សម្ភារទាំងនេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានចុះទៅដល់តំបន់អេកូទេសចរណ៍ថ្មីមួយនេះជារឿយៗមកដែរ ជាលទ្ធផល លោករដ្ឋមន្ត្រីបានស្នើទៅរាជរដ្ឋាភិបាល អនុញ្ញាតឲ្យមានការដំឡើងអង់តែនសេវាទូរស័ព្ទ ចាត់តាំងក្រុមការងារសុខាភិបាលចុះត្រួតពិនិត្យ និងព្យាបាលជំងឺគ្រុនចាញ់ ចាត់តាំងក្រុមដោះមីនរបស់ស៊ីម៉ាក់ និងសកម្មភាពការងារជាច្រើនទៀត។ ក្រៅពីនេះ ក្រុមការងារនៃក្រសួងទេសចរណ៍ ក៏បានចុះទៅបើកវគ្គបណ្ដុះបណ្ដាលដល់សមាជិកសហគមន៍ចំនួន ២៦នាក់ផងដែរ ដើម្បីឲ្យពួកគាត់ក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ ស្របតាមស្ដង់ដារត្រឹមត្រូវ ធានាទំនុកចិត្តជូនភ្ញៀវទេសចរ។
ជាមួយនឹងការថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ថោង ខុន និងមន្ត្រីពាក់ព័ន្ធនៃក្រសួងទេសចរណ៍ លោក ទិត្យ លី បានថ្លែងថា សម្ភារអេឡិចត្រូនិកនេះ សហគមន៍របស់លោកនឹងយកទៅប្រើប្រាស់សម្រាប់ការងាររដ្ឋបាល និងការងារពាក់ព័ន្ធដទៃទៀត ពិសេសគឺការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងសហគមន៍ផងដែរ។
ប្រធានសហគមន៍វ័យក្មេងរូបនេះបានបន្តថា រហូតដល់បច្ចុប្បន្ននេះ ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍អារ៉ែងមានការរីកចម្រើនជាងពីមុន ដែលដើមឡើយ ប្រជាពលរដ្ឋនៅទីនោះប្រកបតែរបរកាប់ព្រៃឈើ បរបាញ់សត្វព្រៃ កសិកម្មជាដើម តែដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ទើបសហគមន៍របស់លោកមានលទ្ធភាពពង្រីកមុខមាត់ខុសប្លែកពីមុន។
ជាមួយនឹងទឹកមុខញញឹមពព្រាយ លោក ទិត្យ លី បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ សហគមន៍លោកទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៨០០នាក់ ចំណែកដើមឆ្នាំ២០១៨នេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣០នាក់ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិនកន្លងមកនេះ ។ ថ្មីៗនេះក៏មានភ្ញៀវទេសចរទៅទស្សនាតំបន់អេកូទេសចរណ៍រហូតដល់ជាង១ពាន់នាក់ផងដែរ។
លោកថា សហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរជានិច្ច ជាមួយកន្លែងស្នាក់នៅដ៏ស្រស់ស្អាត តំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ច្រើនសម្បូរបែប ពិសេសទឹកធ្លាក់ឆាយអារ៉ែង និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ ទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើម កំពុងទន្ទឹងរង់ចាំទទួលវត្តមានភ្ញៀវទេសចរជាតិ-អន្តរជាតិគ្រប់កាលគ្រប់រដូវ៕