(ភ្នំពេញ)៖ ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោម១១នាក់ ដែលពាក់ព័ន្ធប្រើហិង្សានៅក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានបង្ហាញមុខជាសាធារណៈ មុនប​ន្តបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ក្នុងចំណោម១១នាក់ ដែលបានប្រើអំពើហិង្សាដោយចេតនា លើលោកបណ្ឌិត ស៊ុយ សារ៉េត បានធ្វើឡើងក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជំហានដំបូងកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់រួមមាន៖ ទី១-ឈ្មោះ អាន វិនទី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទង ស្នាក់នៅផ្ទះមិនចាំលេខ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២-ឈ្មោះ យាត ទិត្យា ហៅយ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅត្រង់ចំណុចភោជនីយដ្ឋានឈូកទិព្វ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ប៊ុន សត្យា បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ទើបបន្តការស្រាវជ្រាវបន្ថែម រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ចំនួនម្នាក់ទៀតឈ្មោះ អាន ផល្លី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបររត់រឺម៉កកង់បី ស្នាក់នៅផ្ទះលេខ២៥៤១ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងឃុំល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យដែលបានបង្កហិង្សាទៅលើលោកបណ្ឌិត ស៊ុយ សារេត និងវាយរថយន្ដបណ្ដាលឲ្យរងការខូចខាតស្ទើរទាំងស្រុង ទាំងអស់មានចំនួន១១នាក់ និងបានឃាត់ខ្លួន៣នាក់ និង៨នាក់ផ្សេងទៀត ដែលនៅសេសសល់ បានស្គាល់អំពីអត្តសញ្ញាណអស់ហើយ និងកំពុងបន្តស៉ើបអង្កេតស្វែងរកឃាត់ខ្លួន ដើម្បីយកមកផ្ទន្ទាទោសតាមច្បាប់ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកសាស្ដ្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ដែលជាគ្រូបង្រៀន នៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានមនុស្សមួយក្រុម ខ្លះប្រដាប់ដោយដុំថ្មធំៗ​ ឈើ ព្រួតវាយរងរបួសយ៉ាងធ្ងន់ធ្ងរ ហូរឈាមឡើងជោគអាវ និងបំផ្លាញរថយន្ដខូចខាតយ៉ាងខ្លាំង ព្រោះតែខឹងលោកបើករថយន្ដបុករះនៅតាមផ្លូវ។ ជាមួយគ្នានេះ បើតាមការសាកសួរជាជំហ៊ានដំបូង នៅក្នុងព្រឹត្តិការណ៍កាលពីម្សិលមិញនេះ លោក ស៊ុយ សារ៉េត បានបាត់បង់ថវិកាជិត៣០០០ដុល្លារ និងទូរស័ព្ទចំនួន២គ្រឿងផងដែរ៕