(ភ្នំពេញ)៖ ជុំវិញករណីឃាតកម្មដ៏សាហាវ អារ.ក សម្លាប់បុរសម្នាក់ នៅក្នុងដីឡូដ៍មួយកន្លែង ខណ្ឌពោធិ៍សែនជ័យ ជនដៃត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្ទះជនសង្ស័យតែម្ដង ដែលស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះចាប់ខ្លួនជនដៃដល់ខាងលើនេះ ដោយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនដៃដល់ឈ្មោះ អាន សុភាព អាយុ២៥ឆ្នាំ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបុរសរងគ្រោះ ឈ្មោះ អែន សុជាតិ ហៅវិត អាយុ២០ឆ្នាំ ស្រុកកំណើត ភូមិព្រៃរំដួល ឃសេដ្ឋកិច្ច ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ធារី អាយុជាងឆ្នាំ។
តាមចម្លើយសារភាពរបស់ជនដៃដល់ បាននិយាយថា មុនឈានទៅដល់ការ អារ.ក សម្លាប់បុរសខាងលើ ដោយខ្លួនខឹងនឹងបុរសនោះ (អតីតមិត្ដភក្ដិ) តែងតែមកឌឺដង, ក្រោយពីជន រងគ្រោះ បានយកស្ដ្រី ឈ្មោះ ធារី (អតីតប្រពន្ធជនដៃដល់) យកធ្វើជាប្រពន្ធវិញ ហើយតែតែងមកឌឺដងថែមទៀត ធ្វើឲ្យខ្លួនខឹងមិនអាចទ្រាំបាន ក៏សម្រេចចិត្ត អារ.ក សម្លាប់ចោលតែម្ដង។
សូមបញ្ជាក់ថា ករណីឃាតកម្មខាងលើនេះ បានកើតឡើង នាព្រឹកព្រលឹម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ដោយប្រជាពលរដ្ឋ ប្រទះឃើញបុរសម្នាក់ ត្រូវគេអារ.ក សម្លាប់ឱបជាប់ នឹងគល់ឈើ ស្ថិតក្នុងដីឡូដ៍មួយកន្លែង ជិតការរដ្ឋានសាងសង់បុរីផ្ទះល្វែង ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕