(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងជំរុញឲ្យ អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់បន្ថែម ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាជនឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស ក្នុងនាមខ្លួនជាអ្នកបំរើប្រជាពលរដ្ឋ។
ការថ្លែងជំរុញរបស់រដ្ឋមន្រ្តី វង សូត បែបនេះ បានធ្វើឡើងក្នុងឳកាសដែលលោកអញ្ជើញចុះសំណេះសំណាលក្នុងអង្គវេទិកាសាធារណៈ រវាងក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ជាមួយប្រជាពលរដ្ឋ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបានដឹងពីតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ដោះស្រាយនូវរាល់សំណើរ និងសំណូមពរ ដែលជាបញ្ហាប្រឈម ពិសេសការការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ របស់អាជ្ញាធរមូលដ្ឋាន ។
រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ការការពារសន្តិសុខ សុវត្ថិភាព និងការផ្តល់ជូន សេវាសាធារណៈជូនប្រជាពលរដ្ឋរួមមាន ការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ការចុះសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈជាដើម គឺជាកាតព្វកិច្ចរបស់អាជ្ញាធរឃុំស្របទៅតាមច្បាប់កំណត់ របស់ក្រសួងមហាផ្ទៃ ដោយមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ និងអស់ជំនឿមកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជានោះឡើយ ។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបន្ថែមថា លោកក៍បានស្តាប់នូវការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ និងបានដោះស្រាយនូវ សំណូមពរមួយចំនួន ជូនប្រជាពលរដ្ឋដូចជាបញ្ហាផ្លូវ និងភ្លើងអគ្គិសនីជាដើម ដោយលោកបានជម្រាបជូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលបាន កំណត់យកឆ្នាំ២០២០ ជាឆ្នាំធ្វើឲ្យគ្រប់ភូមិទាំងអស់នៅ ទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់។
បើតាមប្រធានក្រុមប្រឹក្សាឃុំដូនតីលោក ហ៊ិន ស៊ាម ឲ្យដឹងថា ចំពោះការបំរើសេវាសាធារណៈ និងការអភិវឌ្ឍន៍នៅមូលដ្ឋាន រដ្ឋបាលឃុំដូនតី បានខិតខំក្នុងការបំរើ សេវាឲ្យបានទាន់ពេលវេលា ព្រមទាំងបានយកចិត្តទុកដាក់ក្នុងការកសាងនូវហេដ្ឋារចនា សម្ព័ន្ធនានាដូចជា ផ្លូវ ប្រឡាយទឹក ជាដើម ស្របតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និង ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដោយក្នុងឃុំដូនតី ដែលមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៣៥៤៦គ្រួសារ ស្មើនឹងមនុស្សចំនួន ១៤១១៩នាក់ កំពុងមានការរីកចំរើន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកជីវភាពរស់នៅ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃនេះ៕