(ភ្នំពេញ)៖ ក្រោយបញ្ចប់សវនាការ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ តុលាការកំពូលសម្រេចបន្តឃុំខ្លួន អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប ក្នុងពន្ធនាគារដដែល ពោលគឺមិនព្រមដោះលែងឱ្យនៅក្រៅឃុំនោះទេ ។ នេះបើតាមការបញ្ជាក់របស់លោក កែវ វ៉ាន្នី មេធាវីការពារសិទ្ធិជនត្រូវចោទទាំងពីរនាក់។
គួរបញ្ជាក់ថា មន្ត្រីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅពេលនេះសមត្ថកិច្ចបានរកឃើញភស្តុតាងថ្មីមួយទៀតនោះ គឺរូបភាព និងវីដេអូរបស់ លោក អ៊ួន ឈិន អតីតបុគ្គលិកអាស៊ីសេរី ដែលបានចូលរួមថតវីដេអូសិចជាមួយបរទេសនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីនគរបាលជាន់ខ្ពស់ដដែលនោះបានបញ្ជាក់ថា រូបភាព និងវីដេអូសិចរបស់លោក អ៊ួន ឈិន ដែលជួនកាលលោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរជាតួប្រុសក្នុងការសម្តែងនោះ ត្រូវបានសមត្ថកិច្ចរកឃើញ នៅក្នុងកុំព្យូទ័ររបស់ លោក អួន ឈិន តែម្តងដែលអាចកំណត់ជាបទល្មើសថ្មីមួយផ្សេងទៀត ដែលសហការជាមួយបរទេសធ្វើឱ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។ នេះគ្រាន់តែភស្តុតាងបទល្មើសថ្មី ក្នុងចំណោមបទជាច្រើនផ្សេងទៀត។
អតីតបុគ្គលិកអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានអាជ្ញាធរឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ។
តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានធ្វើការចោទប្រកាន់ លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ពីបទប្រគល់ឱ្យរដ្ឋបរទេស នូវព័ត៌មានជាអាទិដែលបង្កឱ្យមានការអន្តរាយ ដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចប្រឈមនឹង ការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ បច្ចុប្បន្នអ្នកទាំងពីរត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស៕
រូបភាពខាងក្រោមនេះ អង្គភាព Fresh News ទទួលបានពីសមត្ថកិច្ច៖