(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ថា នៅរយៈពេល២ខែដំបូងឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាបាននាំចេញជ័រកៅស៊ូ បានចំនួនជិត៣ម៉ឺនតោន ទទួលបានចំណូលជាង៤០លានដុល្លារអាមេរិក។
យោងតាមរបាយការនៅខែកុម្ភៈ ឆ្នាំ២០១៨ ការបញ្ចេញលក់ជ័រកៅស៊ូមានត្រឹមតែ៩៦៤៣តោនប៉ុណ្ណោះ ដែលធ្លាក់ចុះ៤៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ ដោយឡែកចំពោះតម្លៃនៃការបញ្ចេញលក់នៅខែកុម្ភៈ ជាមធ្យមជ័រកៅស៊ូ១តោនថ្លៃ១៥២១ដុល្លារ។ ដូច្នេះសរុបទឹកប្រាក់នៃការនាំចេញនៅខែកុម្ភៈ មានទឹកប្រាក់ជាង១៤លានដុល្លារអាមេរិក។
ចំណែកឯនៅខែមករា ឆ្នាំ២០១៨ ការបញ្ចេញលក់ជ័រកៅស៊ូមានចំនួន១៨៧៨៣តោន ដែលតម្លៃក្នុង១តោនជាមធ្យម១៤៤០ដុល្លារ ដូច្នេះក្នុងខែមករា សរុបតម្លៃនៃការនាំចេញជ័រកៅស៊ូ ទទួលបានទឹកប្រាក់ជាង២៧លានដុល្លារ។
សូមជម្រាបថា រហូតមដល់ពីនេះកម្ពុជា មានដីចំការកៅស៊ូសរុបមានចំនួន ៤៣៦,៨១២ ហិកតា ដែលក្នុងនោះ៖ ផ្ទៃដីចៀរជ័រមានចំនួន ១៧១,០៦៣ ហិកតា ស្មើនឹង ៣៩.១៦% និងផ្ទៃដីថែទាំមានចំនួន ២៦៥,៧៤៩ ហិកតា ស្មើនឹង៦០.៨៣%។
រាជរដ្ឋាភិបាលបានកំណត់គោលដៅផលិតជ័រកៅស៊ូ ឲ្យ២៩ម៉ឺនតោននៅឆ្នាំ២០២០។ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១៦ ជាប្រទេសដែលផលិតជ័រកៅស៊ូធម្មជាតិច្រើនលើពិភពលោក៕